សម្រែកបេះដូងអសុរកាយ ភាគ ១(៣)
«ប៉ាហៅឯងមកនេះមានរឿងសំខាន់ចង់ប្រាប់»លោក ប័រវីន និយាយម៉ាត់ៗសង្កេតមើលទឹកមុខ អាដាលៀ ក៏អាចយល់ច្បាស់ហើយថានាងដឹងពីគោលបំណងរបស់គាត់
ប៉ុន្តែលោកនៅតែចង់សាកចិត្តកូនស្រីពៅសំណព្វចិត្តម្នាក់នេះ ចង់ដឹងថានាងនឹងមានប្រតិកម្មបែបណា។
«ខ្ញុំដឹងហើយថាប៉ាចង់និយាយពីអ្វីនោះ
ខ្ញុំមិនទទួលយកអង្គរក្សរបស់ប៉ាទេ បញ្ជូនគេទៅវិញទៅ!» អាដាលៀ ធ្វើមុខងរង៉ក់លើកដៃឧបទ្រូងបដិសេធទាំងមិនមើលមុខលោកប៉ារបស់នាងសូម្បីតែមួយវិនាទី។
«កូនគិតថាប៉ានឹងស្តាប់តាមកូនអញ្ចឹងឬ?»លោក ប័រវីន លើកចិញ្ចើមម្ខាងឡើងយ៉ាងរករឿង ចំណែកឯ ស្តេនឡៃយ៍ ដែលអង្គុយក្បែរលោកម្ចាស់នៃភូមិគ្រឹះនេះ
បានត្រឹមតែអង្គុយស្ងៀមៗមើលសង្គ្រាមផ្លូវចិត្តរវាងឪពុកកូនទាំងពីរ ក្រសែភ្នែកមុតមាំសម្លឹងមើល
អាដាលៀ មិនព្រិច សង្កេតមើលមុខស្អាតផូរផង់ដែលមើលមិនបានច្បាស់កាលពីយប់មិញ នៅពេលដែលឃើញច្បាស់នឹងភ្នែកហើយទើបដឹងថាក្រមុំតូចម្នាក់នេះមានមុខមាត់ស្រស់ស្អាតដូចទេពធីតា។
«ខ្ញុំដឹងថាប៉ាប្រាកដជាមិនព្រមទេ
ប៉ុន្តែខ្ញុំក៏មិនព្រមចុះចាញ់ជាមួយប៉ាដូចគ្នា» អាដាលៀ ធ្វើមុខក្រញូវ
ចិញ្ចើមកោងស្តើងជ្រួញចូលគ្នាដោយការមិនពេញចិត្តជាទីបំផុត ដៃតូចទម្លាក់ដាក់លើភ្លៅក្តាប់ខ្ញាំណែនដោយការងរង៉ក់បែបចរិតកូនពៅដែលជាក្មេងធំធាត់ឡើងដោយភាពទំរើសរបស់លោក
ប័រវីន ។
«ហេតុអ្វីក៏កូនរឹងរូសម៉្លេះ
អាដាលៀ ? កូនភ្លេចមេរៀនដែលបានកើតឡើងមកលើបងស្រីរបស់កូនហើយមែនទេ?
»លោក ប័រវីន ដកដង្ហើមធំឈឺក្បាលជាមួយកូនស្រីពៅដែលរឹងទទឹងមិនព្រមស្តាប់
នាងព្យាយាមប្រកែកមកច្រើនលើកច្រើនសារ ហើយក៏ព្យាយាមដេញអង្គរក្សដែលគាត់រកមកការពារអស់ជាច្រើននាក់មកហើយដែរ
ប៉ុន្តែលើកនេះលោកជឿជាក់លើ ស្តេនឡៃយ៍ ថានឹងអាចបង្គ្រាបភាពរឹងចចេសរបស់នាងបាន។
«ខ្ញុំមិនដែលភ្លេចពីបងស្រីម្តងណាឡើយ
លោកប៉ាកុំនិយាយដូច្នេះ កូនមិនសប្បាយចិត្តទេ» អាដាលៀ
ចាប់ផ្តើមខឹងងរង៉ក់នៅពេលដែលលោក ប័រវីន
និយាយហាក់ដូចជានាងមិនដែលខ្វាយខ្វល់ពីបងស្រីជាទីស្រលាញ់សោះអញ្ចឹង។
«បើមិនភ្លេចល្អហើយនឹងបានចងចាំថាកូនមិនគួរបាត់ខ្លួនទៅដូចជាបងស្រីរបស់កូនទេ ទើបប៉ាត្រៀមអង្គរក្សជំនិតដើម្បីការពារកូន
យល់ទេ
អាដាលៀ?»
«ខ្ញុំមិនយល់អ្វីទាំងអស់
លោកប៉ាធ្វើបែបនេះហាក់ដូចជាបិទសិទ្ធសេរីភាពខ្ញុំពេកហើយ ណាមួយខ្ញុំក៏ជាមនុស្សស្រី
អោយនៅជិតមនុស្សប្រុស...ជិតដិតគ្នាតែពីរនាក់ម៉េចនឹងកើត?» អាដាលៀ និយាយផងលបមើលមុខ
ស្តេនឡៃយ៍ ផង ទើបនាងរដាប់រដុបៗព្រោះតែនឹកឃើញដល់ហេតុការណ៍កាលពីយប់មិញមិនឈប់
មុខតូចងាកចេញ ភ្លាមៗ
នៅពេលដែលប្រទាក់ក្រសែភ្នែកជាមួយកែវភ្នែកពណ៌ខ្មៅនិលមុតស្រួចមួយគូរនោះ។
«តើមានអ្វីសំខាន់ជាងជីវិតរបស់កូនទៅ
អាដាលៀ?»លោក ប័រវីន ចាប់ផ្តើមអស់ការអត់ធ្មត់
ទឹកសម្លេងដែលនិយាយក៏ប្រែទៅជាធ្ងន់ទៅៗព្រោះតែភាពរឹងរូសរបស់កូនស្រីពៅធ្វើអោយលោកចាប់ផ្តើមមួរម៉ៅ។
«ខ្ញុំមិនខ្វល់
ខ្ញុំមិនចង់បានអង្គរក្សអ្វីទាំងអស់» អាដាលៀ គេចពីសំណួរចាក់ដោតចិត្តរបស់លោក ប័រវីន
ព្រោះមិនល្ងង់ឆ្លើយទៅតាមអ្វីដែលលោកចង់បាននោះទេ
វាហាក់ដូចជានាងកំពុងតែយល់ស្របចំពោះអ្វីដែលលោកកំពុងចង់បាន។
«អាដាលៀ!!!»លោក ប័រវីន
ខាំធ្មេញហៅឈ្មោះកូនស្រីធ្ងន់ៗព្រមទាំងងើបខ្លួនលើកដៃទះសាឡុងជាការព្រមាន។
«...» អាដាលៀ
ភ្ញាក់បន្តិចចំពោះអារម្មណ៍ប្រែប្រួលរបស់លោកប៉ារបស់នាង
ស្រីក្រមុំលួចលេបទឹកមាត់ទាំងបេះដូងលោតញាប់ ព្រោះនាងដឹងថាលោកប៉ាកាចខ្លាំងកម្រិតណា
ជាពិសេសបើធ្វើអោយគាត់ខឹងបែបនេះ។
«ប៉ាមិនខ្វល់ថាកូនគិតយ៉ាងណានោះទេ
ចាប់ពីថ្ងៃនេះទៅ ប៉ាប្រគល់កូនទៅអោយ ស្តេនឡៃយ៍ គ្រប់គ្រងពេញសិទ្ធ
គ្មានអ្នកណាមានសិទ្ធជំទាស់បានឡើយ»លោក ប័រវីន
ប្រកាសក្តែងៗនៅចំពោះមុខគ្រប់គ្នាមិនថាអ្នកបម្រើឬមេការ ផេលសុន នោះទេ
គឺសុទ្ធតែចំហមាត់ស្រឡាំងកាំងទាំងអស់ ព្រោះតាំងពីដើមមកលោក ប័រវីន មិនដែលតឹងតែងជាមួយ
អាដាលៀ
ដល់ថ្នាក់លើកថ្វាយជីវិតកូនស្រីអោយមនុស្សប្រុសដែលជាអ្នកដទៃសុទ្ធសាធមកគ្រប់គ្រងបែបនេះទេ។
«លោ...លោកប៉ា!!!» អាដាលៀ
រំអុកខ្លួននឹងកៅអីដោយការមិនពេញចិត្តព្រោះលោក ប័រវីន
ធ្វើបែបនេះហាក់ដូចជាហួសហេតុពេក ហើយ។
«ប៉ាផ្តល់សិទ្ធអោយគេគ្រប់យ៉ាង
ពេលនេះកូនគ្មានសិទ្ធជំទាស់សំដីរបស់ប៉ា ឬសំដីរបស់ ស្តេនឡៃយ៍ ឡើយ យល់ទេ?»លោក
ប័រវីន លែងស្តាប់ហេតុផលរបស់ អាដាលៀ អ្វីទាំងអស់
ព្រោះវាល្មមដល់ពេលដែលនាងត្រូវលើកពត់លត់ដំម្តងហើយ។
«លោកប៉ាជ្រុលពេកហើយ!!!
ហេតុអ្វីក៏អោយមនុស្សប្រុសគ្មានប្រវត្តិហើយក៏ជាអ្នកដទៃដូចជាគេមកគ្រប់គ្រងជីវិតខ្ញុំ?
ខ្ញុំមិនព្រម!!!» អាដាលៀ ងើបឈរឡើងចង្អុលមុខ ស្តេនឡៃយ៍ ចំៗព្រមទាំងដៀលថ្មេះគេ
ធ្វើអោយចិញ្ចើមក្រាស់ជ្រួញចូលគ្នាបន្តិច
ព្រមទាំងងើបមុខឡើងសម្លឹងស្រីក្រមុំមិនដាក់។
«កូនមិនព្រមគឺជារឿងរបស់កូន
ប៉ាបានសម្រេចចិត្តរួចរាល់អស់ហើយ គ្មានការផ្លាស់ប្តូរជាដាច់ខាត»លោក ប័រវីន
ងើបឈរឡើងសម្លឹងត
ទល់ជាមួយកូនស្រីដោយមិនព្រមចុះចាញ់។
«នេះលោកប៉ា!!!» អាដាលៀ
ដកដង្ហើមផឺតផតៗទាំងក្តីក្តៅក្រហាយពេលទ្រូង
ប៉ុន្តែនាងគ្មានសិទ្ធអំណាចអ្វីទៅលើលោកប៉ារបស់នាងបាន ទើបរាងស្តើង
បង្វែរមករកប្រុសកំលោះដែលអង្គុយស្ងៀមទ្រឹងដូចជារូបចម្លាក់នៅក្បែរៗនេះ ដែលអង្គុយមើលនាងមិនព្រិចព្រមទាំងមិនមាត់មិនករធ្វើដូចជាមនុស្សគ្មានវិញ្ញាណ។
«នែលោក!!!
ចេញពីផ្ទះខ្ញុំទៅ ទីនេះមិនស្វាគមន៍លោកទេ» អាដាលៀ ច្រត់ចង្កេះចង្អុលមុខ ស្តេនឡៃយ៍
ដែលអង្គុយស្ងៀមងើយមុខមើលក្រមុំតូចដែលកំពុងតែឈរនៅចំពោះមុខដោយការថ្លឹងថ្លែង។
«...» គ្មានពាក្យសំដីណាបង្ហើរចេញពីបបូរមាត់ក្រាស់សូម្បីតែបន្តិច
ស្តេនឡៃយ៍ នៅស្ងៀមមិនព្រមចេញទៅតាមអ្វីដែលនាងបានបញ្ជា ផ្ទុយទៅវិញគេថែមទាំងនៅអង្គុយចាក់រឹសនៅទីនោះ
ធ្វើដូចជាសម្លេងនាងជាសម្លេងចាបសម្លេងព្រាបដែលគេមិនខ្ចីយកត្រចៀកស្តាប់។
«នែ!!! លោកថ្លង់ទេឬ?
»ក្រមុំតូចចាប់ផ្តើមមានភាពអាម៉ាសនៅពេលដែលដៃគូរសន្ទនាមិនព្រមនិយាយជាមួយ។
«...» ស្តេនឡៃយ៍
នៅតែរក្សាភាពស្ងៀមស្ងាត់ដូចដើម ច្រត់ចង្កាសម្លឹងមុខតូច បញ្ឆេះនាងអោយកាន់តែខឹងលើសដើម
ចំណែកឯលោក ប័រវីន ក៏លួចញញឹមដែល ស្តេនឡៃយ៍ អាចធ្វើអោយកូនស្រីរបស់លោកឆេះដុំបានដោយគ្រាន់តែជួបគ្នាលើកដំបូង។
«មនុស្សគរ!!!
ខ្ញុំមិនចង់បានអង្គរក្សជាមនុស្សគរដូចលោកទេ ចេញទៅៗ» អាដាលៀ
ឈោងទៅកញ្ឆក់ដៃគេព្យាយាមអូសរាងក្រាស់មាឌធំជាងនាងពីរដង អោយងើបចេញពីសាឡុងប៉ុន្តែទោះបីជានាងព្យាយាមយ៉ាងណាក៏អូសគេមិនទៅ។
«អ៊ឹបៗ! នែ! ងើបចេញភ្លាម»
អាដាលៀ ចាប់ផ្តើមមុខក្រហម ជើង តូចៗធទាក់ទៅមកមើលមួយភ្លែតគួរអោយស្រលាញ់ដូចកូនក្មេង
ប៉ុន្តែ ឆ្នាស់ដូចជាឆ្មា។
វឹប!!!
ស្តេនឡៃយ៍
ទាញរាងស្តើងដែលប្រឹងអូសគេចេញអោយចូលមករកខ្លួនយ៉ាងងាយស្រួល ព្រមទាំងចាប់ចង្កេះតូចជាប់
ទាញមកអង្គុយលើភ្លៅធ្វើព្រងើយ។
«អាយ៎ៗ លោកធ្វើស្អីហ្នឹង?
លែងខ្ញុំ!!!» អាដាលៀ បើកភ្នែកធំៗងាកមកសម្លក់ ស្តេនឡៃយ៍ ថ្មែរ
ព្រមទាំងក្តិចខ្ញាំដៃមាំដែលដាក់នៅលើចង្កេះរបស់នាង រួចក៏ងាកទៅទូរពិតលោក ប័រវីន
ដែលមើលមកដោយការអស់សំណើចលាយឡំនឹងភ្ញាក់ផ្អើល។
«លោកប៉ាឃើញទេ
មិនទាន់ទាំងស្អីផង គេលូកលាន់កូនដល់ថ្នាក់នេះទៅហើយ» អាដាលៀ រុញទ្រូងមាំហើយក៏ក្រោកព្រូសពីលើភ្លៅមាំព្រមទាំងសម្លក់
ស្តេនឡៃយ៍ថ្មែរដោយការគុំគួន
ភាពអាម៉ាសក៏កាន់តែ បន្ថែមឡើងលើសកាលពីយប់មិញ។
«ល្អតើនឹងបានរាងចាលហើយឈប់រឹងរូសទៀត»លោក
ប័រវីន លើកស្មាហើយក៏ដើរកាត់កូនស្រីមករក ស្តេនឡៃយ៍ ។
«លោកប៉ា!!!» អាដាលៀ
តន្ត្រំជើងដោយការមិនសុខចិត្ត។
«ផ្ញើកូនស្រីកំហូចម្នាក់នេះផង
ស្តេនឡៃយ៍ » ស្តេនឡៃយ៍ ងើបឈរឡើងគោរពលោកយ៉ាងគួរសម
ព្រមទាំងទទួលការទះស្មាតិចៗផ្តល់ជាកម្លាំងចិត្តដល់ ស្តេនឡៃយ៍ មិនប្រកាន់ទោសអូសដំណើរពីហេតុការណ៍អម្បាញ់មិញដែលគេបានប៉ះពាល់កូនស្រីពៅសំណព្វចិត្ត។
«បាទ!
ខ្ញុំនឹងព្យាយាម»សម្លេងគ្រលរទាបដែលទើបតែលឺជាលើកដំបូងពិតជាពិរោះពិតមែននៅក្នុងចិត្ត
អាដាលៀ ប៉ុន្តែស្រីក្រមុំព្យាយាមគ្រលាស់គំនិតមួយនេះចេញ
រឿងអីទៅសរសើរប្រុសម្នាក់នោះដែរ? នាងគួរតែស្អប់គេដែលចូលមកជ្រៀតជ្រែកជីវិតរបស់នាង។
«មិនបានទេ! កូនមិនព្រម»
អាដាលៀ ជ្រែកចូលមកឈរនៅចំកណ្តាលលោក ប័រវីន និង ស្តេនឡៃយ៍
ព្រមទាំងសម្លក់មុខអ្នកទាំងពីរម្នាក់ម្តង។
«អាដាលៀ ស្ងាត់ទៅ!
ត្រូវមានសុជីវធម៌នៅពេលដែលគេកំពុងតែនិយាយគ្នា
កូនមិនត្រូវចូលមកជ្រៀតជ្រែកបែបច្រងេងច្រងាងបែបនេះទេ» លោកប័រវីន
បញ្ចេញសម្លេងកាចដាក់នាងទើប អាដាលៀ រាងស្ងាត់បន្តិច
ព្រមទាំងទម្លាក់ទឹកមុខដោយការអាក់អន់ស្រពោនចិត្ត ព្រោះលោកប៉ាជាទីស្រលាញ់មិនព្រមស្តាប់សម្តីហើយថែមទាំងកាន់ជើងអ្នកដទៃទៀតផង។
«កូន...» អាដាលៀ
ចាប់ផ្តើមពេបមាត់ដូចជាចង់យំបន្តិចអីបន្តិច។
«ហាមយំណា អាដាលៀ
នេះកូនធំពេញក្រមុំហើយ មិនមែនក្មេងទៀតទេ»លោក ប័រវីន
មើលទៅកែវភ្នែករលីងរលោងរបស់កូនស្រី ហើយក៏ពន្យុះនាងបន្ថែម លទ្ធផលគឺធ្វើអោយ អាដាលៀ
ទ្រហោរយំបានយ៉ាងសមចិត្ត។
«ខ្ញុំស្អប់លោកប៉ា ហ៊ឺៗ»
អាដាលៀ រត់ចេញទៅទាំងទឹកភ្នែកសំដៅទៅបន្ទប់របស់នាងដែលស្ថិតនៅជាន់ទីមួយ
ទុកអោយបុរសទាំងពីរដែលឈរមើលនាងពីក្រោយ បានត្រឹមតែគ្រវីក្បាលហួសចិត្ត។
«នាងរឹងរូសបន្តិចហើយ
ឆ្នាស់បន្តិចហើយ ប៉ុន្តែនាងគួរអោយស្រលាញ់តាមបែបផែនរបស់នាង»លោក ប័រវីន
សម្លឹងទៅខ្នងតូចដែលឡើងទៅបាត់ព្រមទាំងពោលពាក្យសំដីទន់ភ្លន់ដែល អាដាលៀ
មិនអាចស្តាប់លឺ ព្រមទាំងស្នាមញញឹមកក់ក្តៅព្រួយបារម្ភបែបជាឳពុកដែលស្រលាញ់កូនស្រីដូចកែវភ្នែក
ទោះបីជាបង្ខំចិត្ត អាដាលៀ អោយព្រមទទួលអ្វីដែលស្រីក្រមុំមិនចង់បានក៏ដោយ
ប៉ុន្តែអ្វីៗលោកធ្វើគឺដើម្បីសុវត្ថិភាពរបស់នាងទាំងអស់
ថ្ងៃណាមួយនាងនឹងយល់ពីទឹកចិត្តរបស់ឳពុកម្នាក់នេះជាមិនខានទេ
ថាលោកស្រលាញ់នឹងព្រួយបារម្ភពីនាងកម្រិតណា។
ស្តេនឡៃយ៍ មិននិយាយអ្វីបានត្រឹមតែងក់ក្បាល
ព្រោះគេមើលដឹងថា អាដាលៀ ជាក្មេងស្រីដែលត្រូវទម្រើសមកតាំងតែពីតូច
ព្រោះនាងត្រូវចិញ្ចើមបីបាច់ក្នុងសង្គមអ្នកមាន កើតមកភ្លាមក៏មានអ្វីៗទាំងអស់។
«ខ្ញុំត្រូវទៅធ្វើការសិនហើយណា
បើមានការអ្វីសំខាន់អាចសួរ ផេលសុន បាន»លោក ប័រវីន ញញឹមដាក់ ស្តេនឡៃយ៍
បែបជាមិត្តព្រោះលោកមានអារម្មណ៍ថាចូលចិត្ត
និងមាននិស្ស័យជាមួយកំលោះម្នាក់នេះខ្លាំងណាស់។
«បាទ! ខ្ញុំដឹងហើយ»
ស្តេនឡៃយ៍ ឆ្លើយខ្លីៗព្រមទាំងឱនក្បាលគោរពលោកជាលើកចុងក្រោយ មុននឹងលោក ប័រវីន
ដើរចេញទៅបាត់ ទុកអោយគេនៅឈរធ្មឹងម្នាក់ឯង បន្ទាប់មកក៏ដកដង្ហើមធំគិតដល់មនុស្សតូចល្អឹតដែលយំដូចកូនក្មេងមុននេះហើយក៏ឈឺក្បាល
មិនដឹងថាអាចបង្ក្រាបនាងបានដែរឬអត់...? បើឆ្នាស់ម្លឹងៗ។
-----------------ដោយ៖ ថេដូរ៉ា
Comments
Post a Comment