សម្រែកបេះដូង អសុរកាយ ភាគ១ (១)


ផ្តើមរឿង
អាណាចក្របិសាច ឡៃយ៍ហ្វើរៀ(Lightferia) គឺជាភពបិសាចអសុរកាយដែលបានកកើតឡើងតាំងតែពីមួយម៉ឺនឆ្នាំមុន និងជាភពមួយ​ដែលគ្មានរូបរាង ស្ថិតក្នុងលំហអាកាសនាព្រៃជ្រៅមួយឈ្មោះ អាន់កាសស្តៀ(Angastia) ដែលមានរណ្តៅឆ្លងភពដ៏ធំមួយនៅក្រោយទឹកជ្រោះ អាន់កាសា នឹងជាទឹកជ្រោះមរណៈដែលមិនមានមនុស្ស​ណាហ៊ានចូលទៅ​លេងនៅទីនោះឡើយ។
ឡៃយ៍ហ្វើរៀ គឺជាភពដែលប្រមូលម្តុំទៅដោយបិសាចកញ្ជ្រោង​.ស​ដែលមានឈ្មោះថា ឡៃយ៍នីងហ្វក៍ (Lighting Fox) ឬក៏ ឡៃយ៍ស្តារៀ(Lightstaria)។ បិសាចប្រភេទនេះគឺជាកញ្ជ្រោងដែលមានស្លាបនឹងមានស្នាមក្រហមជា​រូប​រន្ទះឈ្នូតពីក្បាលដល់ចុងចិញ្ចើម វាមានស្លាបពណ៌សធំ​ដែល​អាច​ធ្វើ​ដំណើរនៅលើដីនិងលើអាកាសបានយ៉ាងស្រួល។
ឡៃយ៍ស្តារៀ មានកែវភ្នែកពណ៌បៃតងភ្លឺផ្លេកដូចជាគ្រឹស្តាល់ស្អាតគួរ​អោយទាក់ទាញ ប៉ុន្តែបិសាចប្រភេទនេះមិនបានស្លូតដូចជារូបរាងដ៏​សង្ហា​របស់វាឡើយ ជាពិសេសក្រញាំក្រចកដ៏មុតស្រួច និងកែវភ្នែក​ដែល​អាច​បង្កើតជារន្ទះ​ទៅវាយប្រហារ​ដៃគូរប្រកួតប្រជែងបានយ៉ាងស្រួល។
ចំណែកឯមេបិសាចដែលគ្រប់គ្រងអាណាចក្រមួយនេះ គឺកាន់តែ​មានមហិទ្ធឬទ្ធិខ្លាំងទ្វេរដង ដែល​មិនមាន​អ្នកណា​អាចយកឈ្នះគេ​បាន​ឡើយ...ប៉ុន្តែអ្វីដែលគេបានដឹងគឺត្រឹមតែជាពាក្យសំដី នឹងមិនដែលបាន​ឃើញរូបរាងពិត​របស់បិសាចទាំងនេះឡើយ រឿងនិទាន​ដែល​និយាយ​តៗ​គ្នានៅតែផ្តល់ជាចម្ងល់ដល់មនុស្សគ្រប់គ្នា ដែល​បានដឹងបានលឺថាតើ​បិសាចពួកនេះពិតជាមានពិតមែននៅលើលោកនេះដែរឬទេ…?


នៅក្នុងទីក្រុងបុរាណតូចមួយដែលស្ថិតនៅក្បែរទន្លេ វ៉ាយ៉េ សម្លេងជួងបន្លឺឡើងកងរំពងពេញបរិវេណនៃព្រះវិហារ អលលេនស៍ អមដោយសម្លេងសត្វបក្សីទទៈស្លាបហោះហើរនៅលើអាកាស ជាមួយនឹងទិដ្ឋភាពដែលមានផ្នូរបុរាណសល់ពីសម័យមុនជាច្រើនដង្កល់នៅ សាងរូបភាពដ៏គួរអោយខ្លាចមួយដល់សំណង់បុរាណមួយនេះ។ សំណង់អាគារចំណាស់ដែលមានក្បាច់ក្បូររចនាបែបបុរាណមានកំពូលស្រួចមួយនេះ ថ្វីត្បិតតែមានសម័យកាលយូរលង់តាំងពីឆ្នាំ ៩០២ យ៉ាងណាក៏ដោយក៏នៅតែមានភាពល្អស្អាតដដែល។
ទ្វារធំមាំបង្ហើបចំហបន្តិចបង្ហាញពីភាពងងឹតសូន្យស្លុងស្ងាត់ជ្រាបនៃផ្នែកខាងក្នុងរបស់ព្រះវិហារ អលលេនស៍ ដែលមានកៅអីវែងជាច្រើនតម្រៀបគ្នាជាជួរយ៉ាងមានរបៀបរៀបរយ និងមានស្រមោលរាងខ្ពស់ស្រឡៈរបស់អ្នកណាម្នាក់ ស្ថិតនៅក្នុងឈុតខ្មៅជាមួយនឹងសាក់កាដូស្ពាយជាប់ស្មាឈរនឹងថ្កល់នៅចំកណ្តាលព្រះវិហារ។
ប្រុសកំលោះអាថ៍កំបាំងម្នាក់នេះ ហាក់ដូចជាកំពុងតែអធិដ្នាននៅក្នុងចិត្តជាមួយនឹងព្រះ កែវភ្នែកនិងទឹកមុខកាយវិការមិនបង្ហាញពីចលនាកម្រើកសូម្បីតែបន្តិច បបូរមាត់ពណ៌ក្រហមផ្អឹបជិតមិនបង្ហើបនិយាយ មានតែនេត្រាដែលសម្លឹងទៅឆ្ងាយហាក់ដូចជាកំពុងស្លុងអារម្មណ៍ទៅរកអ្វីមួយ។
«បងនឹងត្រលប់មកវិញ...» សម្លេងគ្រលរទាបក្រអួនក្រអៅនិយាយដាក់ខ្លួនឯងតិចៗ រួចក៏ត្រលប់បែរក្រោយឈានជើងចាកចេញពីព្រះវិហារបុរាណដ៏សែនស្ងប់ស្ងាត់មួយនេះ បន្សល់តែភាពទទេស្អាតនិងខ្យល់បក់ រវិចៗ ជាការជូនដំណើរប្រុសកំលោះនិងហាក់ដូចជាការរងចាំការវិលត្រលប់មកវិញរបស់គេ។
បន្ទាប់ពីថ្ងៃនោះកើតឡើង...គេ... មិនដែលបានចាកចេញពីទីភូមិស្ថានមួយនេះឡើយ ប៉ុន្តែនៅថ្ងៃនេះគេត្រូវសម្រេចចិត្តចាកចេញពីកន្លែងដែលស្ងប់សុខមួយនេះ ទៅរកកន្លែងដែលពោរពេញទៅដោយភាពអត្មានិយមរបស់មនុស្សម្តងទៀត ទោះបីជាបេះដូងនិងចិត្តរបស់ប្រុសកំលោះឆ្លាក់ជាប់និងទីកន្លែងដែលគេប្រាថ្នាក៏ដោយ។
ប្រុសកំលោះធ្លាប់ស្បថថានឹងមិនចាកចេញពីទីនេះជាដាច់ខាត... ក៏ប៉ុន្តែគេត្រូវបង្ខំចិត្តឃ្លាតឆ្ងាយពីកន្លែងដែលបេះដូងដង្ហើយរក ទៅរកមនុស្សម្នាក់ដែលត្រូវការជំនួយរបស់គេ...!



ភាគ១
ទួរ៍ អូហ្គាស៊ី, ប្រទេស អាល់ដេរ៉ាស
ភូមិគ្រឹះ អេតស៍ធើរៀ ដែលជាត្រកូលរបស់អ្នកនយោបាយល្បីឈ្នោះមួយរូបគឺលោក ប័រវីន ខាតធើ អេតស៍ធើរៀ ដែលលោកមានកូនស្រីចំនួនពីរនាក់គឺ អាដាណា ខាតធើ អេតស៍ធើរៀ និង អាដាលៀ ខាតធើ អេតស៍ធើរៀ ប៉ុន្តែជាភ័ព្ទអាក្រក់ កូនស្រីច្បង អាដាណា ត្រូវបានបាត់ខ្លួនអស់     រយៈ៣ឆ្នាំមកហើយ ទោះបីជាព្យាយាមតាមរករូបនាងយ៉ាងណាក៏ដោយក៏មិនទាន់មានតម្រុយថានឹងរកឃើញរូបនាងដែរ ប៉ុន្តែលោក ប័រវីន មិនដែលចុះចាញ់ឡើយ លោកនៅតែមានសង្ឃឹមថានឹងរកកូនស្រីជាទីស្រលាញ់អោយឃើញទោះបីជាប្រើរយៈពេលយូរឆ្នាំប៉ុណ្ណាក៏ដោយ។
ដោយសារតែបទពិសោធន៍បាត់កូនស្រីដ៏សែនឈឺចាប់នេះហើយធ្វើឲ្យលោក ប័រវីន ភ័យខ្លាចថានឹងបាត់កូនស្រីពៅម្នាក់ទៀតទើបលោកតែងតែអោយអង្គរក្សមិនតិចជាង៥០នាក់តាមការពារកូនស្រីពៅ អាដាលៀ ជាប់លាប់ មិនថានៅក្បែរខ្លួនឬបង្កប់ជាសម្ងាត់ឡើយ។
ហើយថ្ងៃនេះជាថ្ងៃដែលជ្រើសរើសអង្គរក្សថ្មីរបស់អ្នកនាង អាដាលៀ ដោយសារតែអង្គរក្សមុនបានលាឈប់ទៅ ទើបលោក ប័រវីន ប្រកាសជ្រើសរើសអង្គរក្សដែលមានស្នាដៃពូកែមួយរូបទៀត ដើម្បីធ្វើជាអង្គរក្សជំនិតនៅក្បែរខ្លួននាងជាប់មិនទៅណា ហើយត្រូវជ្រើសរើសយ៉ាងក្រឹត្យក្រមបំផុត។
«លោក ផេលសុន បាទ! បេក្ខជនទាំងមួយរយនាក់បានជម្រុះអស់នៅសល់ត្រឹមតែពីរនាក់តែប៉ុណ្ណោះដែលត្រូវគ្រប់គ្រាន់នឹងលក្ខខណ្ឌដែលយើងបានកំណត់»
«ហៅពួកគេចូលមក»មេការ ផេលសុន ដែលមានវ័យខ្ទង់២៨ឆ្នាំមាឌមាំទាំឈរក្រពាត់ដៃទៅក្រោយយ៉ាងម៉ឺងម៉ាត់ ទឹកមុខសង្ហាស្មើធេងប្រកបដោយភាពប្រាកដប្រជា មុននឹងងក់ក្បាលបញ្ជាអោយកូនចៅហៅអង្គរក្សដែលចំរាញ់មកក្នុងចំណោមមនុស្ស១០០នាក់ ដែលបានដាក់ពាក្យ។
រាងខ្ពស់សង្ហារបស់បុរសពីរនាក់ ដើរចូលមកតាមពីក្រោយកូនចៅរបស់មេការ ផេលសុន ដោយឫកពាប្រកបដោយភាពជឿជាក់និងក្លាហាន ធ្វើអោយមេការដែលសម្លឹងមើលពួកគេដោយក្រសែភ្នែកវិនិច្ឆ័យមិនស្ថើចសរសើរមិនបាន ព្រោះរាងកាយរបស់ពួកគេទាំងពីរបើមើលនឹងភ្នែកក៏ដឹងដែរថាឆ្លងកាត់ការហ្វឹកហាត់មកច្រើនប៉ុណ្ណា។
«គោរពលោកមេការ ផេលសុន ទៅ!»កូនចៅដែលនាំបុរសទាំងពីរចូលភូមិគ្រឹះក៏បញ្ជាអោយអ្នកចំណូលថ្មីអោនគោរពមេកើយ ទើបកំលោះអង្គរក្សថ្មីថ្មោង អោនក្បាលគោរពចៅហ្វាយនាយយ៉ាងមានសុជីវធម៌ប្រកបដោយភាពម៉ឺងម៉ាត់។
«សូមគោរពលោកមេការ»ពួកគេនិយាយជាសម្លេងតែមួយ។
«អ៊ឹម! ល្អ»មេការកំលោះងក់ក្បាលបន្តិចហើយក៏ក្រឡេកមើលកំលោះទាំងពីរឆ្លាស់គ្នា ប៉ុន្តែក្រសែភ្នែកមុតស្រួចចាប់អារម្មណ៍លើបុរសដែលគ្រងឈុតខ្មៅសុទ្ធសក់វែងគ្របភ្នែកម្ខាងយ៉ាងអាថ៍កំបាំងរបស់បុរសដែលឈរនៅខាងស្តាំដៃច្រើនជាង។ ជើងមាំៗដើរសំដៅមករកកំលោះដែលលោកមេការ ផេលសុន ចាប់អារម្មណ៍ជាងគេព្រមទាំងឈរចំពីមុខប្រុសកំលោះប្រសព្វភ្នែកជាមួយគេដោយការពិចារណា។
«លោកឈ្មោះអីលោកមេការ ផេលសុន សួរទៅកាន់គេដោយសង្កត់ចំណាប់អារម្មណ៍លើបុរសតែម្នាក់ក្នុងចំណោមពីរនាក់នេះ ទុកអោយបុរសដែលដើរចូលមកជាមួយមើលមកកំលោះឈុតខ្មៅដោយការច្រណែន។
«ស្តេនឡៃយ៍ ស្កាឡេត ហ្គ្រស៍ហ្វត »សម្លេងមុតមាំបង្ហើរចេញពីបបូរមាត់ក្រាស់ក្រហមមានស្នេហ៍ប្រកបដោយភាពក្លាហាន ចំណែកឯកែវភ្នែកមុតស្រួចទាំងគូរពោរពេញ      ទៅដោយមហិច្ឆតាសម្លឹងតបទៅកាន់លោកមេការ ផេលសុន ដោយមិនមានភាពខ្លាចញញើតសូម្បីតែបន្តិច។
«អាយុប៉ុន្មានហើយ
«២៧! »លោកមេការ ផេលសុន ងក់ក្បាលតិចៗគិតថា ស្តេនឡៃយ៍ នៅក្មេងមានភាពមាំទាំល្អអាចការពារអ្នកនាងរបស់គេបាន ទាំងមិនដឹងថាតាមពិតអាយុរបស់ ស្តេនឡៃយ៍ គឺមិនតិចជាងរាប់រយឆ្នាំនោះទេ។
«លោកដឹងមែនទេថាការដែលធ្វើជាអង្គរក្សរបស់កូនស្រីអ្នកនយោបាយត្រូវលៈបង់អ្វីខ្លះ? »លោក ផេលសុន លើកចុងមាត់បន្តិចមានអារម្មណ៍ចូលចិត្តប្រុសម្នាក់នេះហាក់ដូចជាមាននិស្ស័យ។
«ជីវិត! »
«លោកចង់មានន័យថាម៉េច???»លោក ផេលសុន លើកចិញ្ចើម  ឡើង។
«ខ្ញុំត្រូវលៈបង់ជីវិតតើត្រូវទេ? » ស្តេនឡៃយ៍ និយាយពាក្យ"ជីវិត"ចេញម៉ោហាក់ដូចជារឿងធម្មតាៗគ្មានអ្វីធំដុំ ធ្វើអោយលោកមេការ ផេលសុន ញញឹមចេញមកដោយការពេញចិត្ត។
«លោកប្រាកដទេ
«ខ្ញុំមិនដែលធ្វើអ្វីដោយគ្មានភាពប្រាកដប្រជាទេ» ស្តេនឡៃយ៍ បកទៅកាន់លោក ផេលសុន វិញដោយគ្មានការស្ទាក់ស្ទើរ។
«ល្អ! យើងចូលចិត្តអត្តចរិតរបស់លោក»លោក ផេលសុន ដើរមកទៈស្មា ស្តេនឡៃយ៍ តិចៗ ប៉ុន្តែប្រុសកំលោះបានត្រឹមតែមើលតាមកន្ទុយភ្នែកហើយក៏បង្វែរក្រសែភ្នែកមើលទៅត្រង់ដូចដើម។
«នាំប្រុសម្នាក់នោះចេញទៅវិញទៅ យើងត្រូវការតែ ស្តេនឡៃយ៍ ម្នាក់ប៉ុណ្ណោះ» ផេលសុន ងាកទៅបញ្ជាកូនចៅដែលឈរក្តោបដៃមើលចៅហ្វាយនាយលេងសង្គ្រាមផ្លូវចិត្តជាមួយគ្នាស្ងាត់ៗ ហើយក៏ងក់ក្បាលទទួលយកបញ្ជាតាមទម្លាប់។
ចំណែកឯបុរសដែលមិនត្រូវបានជ្រើសរើស បន្ទាប់ពីឆ្លងកាត់ការសាកល្បងយ៉ាងលំបាកមក ប៉ុន្តែបែរជាមិនអាចឆ្លងកាត់ដំណាក់កាលចុងក្រោយបាន សូម្បីតែសំណួរមួយក៏មិនបានទទួលពីលោក ផេលសុន     ផង។
«ខ្ញុំនឹងនាំលោកទៅបន្ទប់សម្រាកសិន រងចាំលោកម្ចាស់ត្រលប់មកវិញ!» ផេលសុន និយាយជាមួយ ស្តេនឡៃយ៍ ដោយស្នាមញញឹមជាមិត្ត ប៉ុន្តែ ស្តេនឡៃយ៍ បានត្រឹមតែងក់ក្បាលជាមួយនឹងទឹកមុខសោះអង្គើយឆ្មើងឆ្មៃរបស់គេដូចដើម។
ផេលសុន លើកចិញ្ចើមម្ខាងគិតពិចារណាក្នុងចិត្តពី ស្តេនឡៃយ៍ ដែលមានឫកពាមិនចុះញ៉មជាមួយអ្នកណា នឹងធឹងដូចទឹកកកមិនចេះទន់បែបនេះ ប្រហែលជាអាចការពារអ្នកនាង អាដាលៀ និងទ្រាំទ្រជាមួយចរិតបែបឆ្មើងឆ្មៃរបស់នាងបាន។
«ដើរមកតាមខ្ញុំ» ផេលសុន ជាអ្នកដើរនាំផ្លូវ ស្តេនឡៃយ៍ ចេញទៅខាងក្រៅភូមិគ្រឹះ ទៅរកផ្ទះតូចមួយដែលសាងសង់នៅតែឯងផ្នែកខាង គៀនរបងដែលធ្វើបែរមុខចំទៅរកបង្អួចនៃភូមិគ្រឹះធំ ហើយផ្ទះនេះមានពីរជាន់និងមានរានហាលនៅជាន់ខាងលើ ទល់មុខជាមួយរានហាលដែលនៅផ្នែកខាងភូមិគ្រឹះធំតែម្តង ដែលប្រុសកំលោះអាចសន្និដ្ឋានថាជាបន្ទប់របស់អ្នកនាងតូចនៃត្រកូលនេះ  មានឈ្មោះថា អាដាលៀ ខាតធើ អេតស៍ធើរៀ នេះជាមិនខានទេ។
«លោកចូលទៅសម្រាកសិនទៅ ពេលដែលលោកម្ចាស់មកដល់ ខ្ញុំនឹងអោយគេមកហៅ!»លោកមេការ ផេលសុន ជូនដំណើរ ស្តេនឡៃយ៍ បានត្រឹមមាត់ទ្វារផ្ទះតូចដែលមានពីរជាន់មួយនេះ ហើយក៏លាគេទៅធ្វើការបន្តទៀត។
«បាទ! អរគុណលោកមេការ» ស្តេនឡៃយ៍ អោនក្បាលគោរព ផេលសុន តាមឋានៈដែលជាកូនចៅ។
«នេះកូនសោរ! ផ្ទះនេះក្លាយជាកម្មសិទ្ធរបស់លោកបណ្តោះអាសន្នសិន រងចាំការយល់ព្រមពីលោកម្ចាស់»
«យល់ហើយ!» ស្តេនឡៃយ៍ ងក់ក្បាលតិចៗហើយក៏ទទួលកូនសោរមកកាន់នៅក្នុងដៃ បង្វែរខ្លួនទៅចាក់សោរដោយមិនរងចាំយូរ ធ្វើអោយមេការកំលោះលួចសើចតិចៗព្រោះតាំងពីធ្វើការមក មិនដែលឃើញអ្នកណាសោះអង្គើយដូចជាបុរសម្នាក់នេះសោះ។
ផ្ទះតូចដែលសាងសង់ជាពិសេសមួយនេះ ផ្នែកខាងក្នុងលំអរបែបសាមញ្ញបំផុត ជាពិសេសគ្រឿងតុបតែងគឺសុទ្ធតែពណ៌ស្រអាប់ៗនិងមានពន្លឺភ្លើងពណ៌ពងមាន់ព្រៀលៗដែលជាបរិយាកាសដែល ស្តេនឡៃយ៍ ចូលចិត្តបំផុត។
ប្រុសកំលោះបិទទ្វារផ្ទះយួរសាក់កាដូរ ដើរចូលទៅខាងក្នុងមើលពីសភាពរបស់ផ្ទះនេះបន្តិច ហើយក៏ដើរឡើងទៅខាងលើដែលជាបន្ទប់ស្នាក់នៅរបស់គេតែម្តង។ ជាន់ខាងលើនៃផ្ទះនេះគឺមានតែបន្ទប់តូចមួយតែប៉ុណ្ណោះ និងមានរានហាលនៅខាងមុខមានកៅអីសម្រាប់អង្គុយនិងបង្កាន់ដៃដែកពណ៌ត្នោត អាចមើលទៅបង្អួចនៃបន្ទប់របស់ភូមិគ្រឹះធំបានយ៉ាងច្បាស់... ប្រុសកំលោះឃើញយ៉ាងនេះហើយក៏ដាក់សាក់កាដូរចុះនៅលើពូក ដើរមកឈរនៅរានហាលដោយក្នុងចិត្តគិតថា...មិនមែនអោយគេមកដេកមើលកូនក្រមុំតែម្នាក់របស់ត្រកូល អេតស៍ធើរៀ រាល់យប់ទេមែនទេ?
ក្រិកៗ
មិនទាន់គិតចប់ស្រួលបួលផង ស្រមោលរាងស្តើងស្ទង់ៗរបស់អ្នកណាម្នាក់ឈរនៅពីមុខបង្អួចកញ្ចក់ផ្ទាំងធំ កំពុងតែបើកសោរហើយក៏ទាញបង្អួចបើកដើរចេញមកឈរនៅរានហាលដោយគ្រងឈុតគេងស្តើងៗពណ៌សធ្វើអោយខ្យល់បក់ប៉ើងរវិកៗបង្ហាញរាងរូវសមសួនពើងផតចង្កេះអង្ក្រងតូចមួយក្តាប់ ជាពិសេសអាវ.កជ្រៅបង្ហាញគល់ទ្រូងពើងព្រហើនសាច់សខ្ចីដូចបណ្តូលចេក ដោយមិនដឹងថានៅទីនេះមានមនុស្សប្រុសចំណូលថ្មីកំពុងតែឈរមើលមកនាងមិនព្រិចភ្នែកនោះទេ។
«ហ៊ឹមមម! »ក្រមុំតូចដកដង្ហើមធំដូចជាតានតឹងនឹងរឿងអ្វីមួយទើបដើរចេញមកឈរនៅរានហាលដើម្បីបន្ធូរបន្ថយអារម្មណ៍ ដោយសារតែទទួលដំណឹងថានាងជិតបានអង្គរក្សថ្មីម្នាក់ទៀតហើយ ទាំងដែលស្រីក្រមុំស្អប់មិនចូលចិត្តអោយមានបុរសមកពីណាក៏មិនដឹងមកឈរក្បែរខ្លួន ២៤ម៉ោងលើ២៤ម៉ោង ព្រមទាំងឃ្លាំមើលនាងមិនបាត់សូម្បីតែមួយវិនាទី។មុខតូចច្រឡឹងបង្ហាញពីភាពធុញទ្រាន់យ៉ាងច្បាស់ក្រឡែតដោយផ្ទៃមុខស្អាតប្រែមកជាក្រញ៉ូវភ្លាមៗ ខណៈដែលដៃលើកមកវែកសក់ពណ៌ត្នោតទឹករលកវែងត្រឹមចង្កឹះចេញពីមុខព្រោះតែខ្យល់បក់ប៉ើងបាំងមុខបាំងមាត់ មួយភ្លែតនោះឯងដែលក្រសែភ្នែកក៏ប្រទាក់គ្នាជាមួយនឹង ស្តេនឡៃយ៍ ដែលកំពុងតែឈរធ្មឹងមើលនាងមិនព្រិចនៅឯរានហាលផ្ទះតូចទល់មុខបង្អួចរបស់នាង ភាពភ្ញាក់ផ្អើលក៏ច្រាសច្រាលឡើងភ្លាមៗ។
«លោ...លោក!!!» អាដាលៀ ភ្ញាក់ព្រើតប្រញាប់លើកដៃខ្ទប់ទ្រូងព្រោះតែនាងគ្រងរ៉ូបដែលស្តើងល្ហៀ ព្រោះគិតថាអង្គរក្សមុនបានចេញពីផ្ទះនេះបាត់ហើយ មិននឹកស្មានថាលោកប៉ារបស់នាងជ្រើសរើសអង្គរក្សថ្មីបានលឿនយ៉ាងនេះទេ។
អាដាលៀ បើកភ្នែកធំៗធ្វើមាត់ម្ហបៗរកនឹកអ្វីមកនិយាយមិនចេញព្រោះនាងទាំងស្លុតទាំងអាម៉ាស ទើបរាងស្តើងបាំងខ្លួនបាំងប្រាណរត់វឹងចូលទៅខាងក្នុងបន្ទប់វិញ បិទទ្វារបង្អួចកញ្ចក់ផ្ទាំងធំទាំងមិនថ្នមដៃហើយក៏ទាញវាំងននបិទជិតឈឹងទាំងបេះដូងលោតញាប់ផឹបៗក្នុងទ្រូង លួចអោនមើលសភាពនៃការស្លៀកពាក់របស់ខ្លួន ដែលរ៉ូបវាលស្មាដៃមួយ.កជ្រៅបង្ហាញចង្អូរទ្រូងយ៉ាងស៊ិចស៊ីត្រូវប្រុសមិនស្គាល់មុខបានឃើញយ៉ាងច្បាស់ៗពេញភ្នែក។
«ព្រះអើយ! » អាដាលៀ នៅតែមិនទាន់បាត់ភ័យបេះដូងលោតញាប់មិនស្ងប់សោះ ចេះតែនឹកឃើញដល់មុខរបស់មនុស្សប្រុសចំណូលថ្មីនៅក្នុងខួរក្បាលមិនបាត់ ហាក់ដូចជាគេពេលនេះនៅតែសម្លឹងមកលើរូបរាងកាយរបស់នាងដោយក្រសែភ្នែកមុតស្រួចមួយគូរនោះដដែល...។
ចំណែកឯកំលោះសង្ហា    ស្តេនឡៃយ៍   ក៏ភ្ញាក់ផ្អើលមិនចាញ់នាងប៉ុន្មានដែរ គេគ្រាន់តែងឿងឆ្ងល់ទើបចេញមកមើលរានហាលនេះដោយផ្ទាល់ តែមិននឹកស្មានថាបានជួបកូនស្រីរបស់ភូមិគ្រឹះនេះលឿនដល់ថ្នាក់នេះទេ។
ស្តេនឡៃយ៍ ឈរមើលស្រមោលខ្នងតូចដែលឈរផ្អែកនឹងកញ្ចក់មួយភ្លែត ស្រមោលនោះក៏បាត់ទៅ ទើបប្រុសកំលោះលែងចាប់អារម្មណ៍ តទៅទៀត ទោះបីជាបានឃើញរូបរាងកាយទាក់ទាញរបស់មនុស្សស្រីស្អាតៗនៅចំពោះមុខយ៉ាងណាក៏ដោយក៏គេមិនបានរង្គោះរង្គើរជ្រួលជ្រើមអ្វីបន្តិចសោះ ព្រោះបេះដូងមួយនេះចាក់សោរជាប់ជាច្រើនជាន់សាងកំផែងលាក់បាំងវាមិនអោយអ្នកណាចូលមកបាន...

Comments

Popular posts from this blog

You're mine, Only mine(Chapter 7)

ករណី Ads Account Facebook របស់អ្នកត្រូវបានគេ Hack និង របៀបដើម្បីទទួលបានលុយដែលត្រូវគេកាត់មកវិញ