សម្រែកបេះដូង អសុរកាយ ភាគ១ (២)
ក្តក់!
ស្តេនឡៃយ៍ ក្តក់ដៃមួយដងដូចជាកំពុងតែចង់ហៅអ្វីម្យ៉ាង
មួយសន្ទុះក្រោយមក សត្វមេអំបៅពណ៌ទឹកសមុទ្រមួយក្បាលហើរចូលតាមបង្អួច មុននឹងក្រឡាខ្លួនមកជាមនុស្សស្រីសក់ខ្លីក្នុងឈុតខ្មៅដូចជាចារនារីម្នាក់នៅចំពោះមុខប្រុសកំលោះ។
«ចូលី ! នាងឃើញមនុស្សស្រីអម្បាញ់មិញហើយមែនទេ?
»
«ចាស៎ឃើញ! » ចូលី ងក់ក្បាលតិចៗ។
«អញ្ចឹងល្អ! មនុស្សស្រីម្នាក់នោះហើយដែលខ្ញុំត្រូវអោយនាងការពារជាប់រហូត
ដាច់ខាតមិនត្រូវធ្វេសប្រហែស យល់ទេ?» ស្តេនឡៃយ៍ ដាក់បញ្ជាជាកំហិតដល់
ចូលី ព្រោះបទពិសោធន៍ឈឺចាប់លើកដំបូងរបស់គេ ធ្វើអោយប្រុសកំលោះស្តាយក្រោយ ក្លាយទៅជាវិប្បដិសារីដែលតាមបន្លាចគេអស់មួយជីវិត
អញ្ចឹងហើយទើបប្រុសកំលោះមិនចង់អោយវាកើតឡើងមកម្តងទៀតឡើយ។
«ចាស៎! ខ្ញុំយល់ហើយ»
ចូលី ងក់ក្បាលទទួលយកបញ្ជាយ៉ាងប្រាកដប្រជាមិនហ៊ានប្រកែកជំទាស់សូម្បីតែបន្តិច
ព្រោះបិសាចមេអំបៅរាត្រីដូចជានាង កុំតែបាន ស្តេនឡៃយ៍ ជួយអោយរួចពីគ្រោះថ្នាក់ទើបនាងអាចមានជីវិតរស់ដល់សព្វថ្ងៃនេះ
អញ្ចឹងហើយស្រីក្រមុំចង់ធ្វើជាបរិវារបស់គេអស់មួយជីវិត មិនថាប្រុសកំលោះទៅណានាងក៏ប្រាថ្នាចង់ទៅទីនោះដូចគ្នាដែរ
ទោះបីជាក្នុងឋានៈណាក៏ដោយក៏នាងព្រមទទួលទាំងអស់។
«ល្អ! ទៅវិញបានហើយ»
ស្តេនឡៃយ៍ ជឿជាក់លើ ចូលី ថានាងនឹងព្រមធ្វើតួនាទីនេះអោយបានល្អឥតខ្ចោះបំផុតតាមដែរអាចធ្វើបាន។
«រាត្រីសួស្តី! លោក ស្តេនឡៃយ៍
» ចូលី អោនក្បាលគោរពយ៉ាងមានសុជីវធម៌រក្សាគំលាតរវាងចៅហ្វាយ និងកូនចៅមិនហ៊ានឈានជើងហួសព្រំដែន
ហើយក៏និមិត្តខ្លួនទៅជាមេអំបៅហោះចេញទៅខាងក្រៅបាត់ទៅ។
ទីបំផុតដំណើរផ្សងព្រេងរបស់គេ
មកទីក្រុងដ៏ធំនិងស៊ីវិល័យមួយនេះបាមបញ្ចប់ ដោយគោលដៅក៏រកឃើញរួចមកហើយដែរ តមកនេះគឺមានតែលៈបង់កម្លាំងកាយកម្លាំងចិត្តចាំការពារនាងអោយរួចផុតពីគ្រោះថ្នាក់គឺបានហើយ...
អាវស្បែកពណ៌ខ្មៅគ្រងពីលើអាវយឺតពណ៌ខ្មៅងងឹតដូចគ្នា
ត្រូវបានដោះចេញម្តងមួយៗទម្លាក់ចុះនៅលលើឥដ្ឋ បង្ហាញផែនខ្នងហាប់ណែនពោរពេញទៅដោយសាច់ដុំ
និងមានស្នាមជាច្រើនកន្លែងបង្ហាញពីភាពជាអ្នកប្រយុទ្ធរបស់ម្ចាស់រាងកាយ ខោខូវប៊យពណ៌ក្រម៉ៅត្រូវបានទាញទម្លាក់ចុះជាមួយនឹងខោរប៊កសឺពណ៌ស
មុននឹងរាងក្រាស់ដើរចូលទៅក្នុងអាងទឹកដែលបើកបំពេញទុកជាស្រេច។
ភាពហត់នឿយដែលឆ្លងកាត់មកពេញមួយថ្ងៃ
ត្រូវបានពន្លត់អោយស្ងប់ជាមួយនឹងទឹកត្រជាក់ៗ ទើប ស្តេនឡៃយ៍ ទម្រេតខ្លួនគេងផ្អែកនឹងអាងទឹកលាតសន្ធឹងដៃនៅលើអាងបិទភ្នែកជិតឈឹង
ប្រើភាពស្ងប់ស្ងាត់និងភាពត្រជាក់ស្រឹបមកកំដរភាពហេងហាងម្យ៉ាង ព្រោះតែឃ្លាតឆ្ងាយពីកន្លែងជាទីស្រលាញ់របស់គេ។
សា!!!
ដំណក់ទឹកខ្ទាតខ្ជាយដោយស្នាដៃរបស់ប្រុសកំលោះ
ជះសាចមកលើផ្ទៃមុខរបស់គេពេញទំហឹង ដូចជាកំពុងតែដាក់ទោសខ្លួនឯងដោយសារតែអ្វីមួយ បាតដៃធំទូលាយច្បូតដំណក់ទឹកចេញពីផ្ទៃមុខមុននឹងសើយសក់ឡើងទៅលើអស់
អារម្មណ៍ដែលច្របូកច្របល់ក៏កាន់តែអាប់អួរលើសដើមផ្ទុយពីការរំពឹងទុកថាទឹកត្រជាក់ៗ និងភាពស្ងប់ស្ងាត់អាចរំសាយអារម្មណ៍តានតឹងមួយនេះបាន។
មួយសន្ទុះក្រោយមករាងក្រាស់ក៏ដើរចេញពីបន្ទប់ទឹកមកដោយគ្រងតែកន្សែងពណ៌សមួយផ្ទាំងយ៉ាងសមសួន
បង្ហាញដើមទ្រូងហាប់ណែននិងសិកផេកកង់ៗជាទីទាក់ទាញក្រសែភ្នែកបំផុត សក់ដែលសើមដោយសារតែដំណក់ទឹក
ដូចជាមិនបានទទួលបានការខ្វល់ខ្វាយពីម្ចាស់ខ្លួន ទើបដំណក់ថ្លាៗធ្លាក់ចុះតាមសាច់រលោងស្រិលមិនឈប់។
ខោអាវដែលគេដាក់មកនៅក្នុងសាក់កាដូរក៏មិនច្រើនប៉ុន្មានដែរ
មានត្រឹមតែប៉ុន្មានកំផ្លេប៉ុណ្ណោះ ទើបយប់ឡើងប្រុសកំលោះពាក់តែអាវវាលក្លៀកនិងខោខូវប៊យពណ៌ខ្មៅដែលជាពណ៌សំណព្វរបស់គេ
ទោះបីជាអាកាសធាតុ ចាប់ផ្តើមចុះត្រជាក់ខ្យល់បក់រសិបៗយ៉ាងណាក៏ដោយក៏កំលោះបិសាចរូបនេះមិនព្រឺរងារសូម្បីតែបន្តិច។
បន្ទាប់ពីស្លៀកពាក់រៀបចំខ្លួនរួចរាល់
ស្តេនឡៃយ៍ ក៏ដើរចេញមកឈរនៅរានហាលម្តងទៀត នឹកឃើញដល់ អាដាលៀ ដែលបានឃើញដោយចៃដន្យមិនប៉ុន្មាននាទីមុននេះ
ផ្ទៃមុខរស្អាតដូចតុក្កតារំលេចឡើងនៅក្នុងខួរក្បាលរបស់គេហាក់ដូចជាហេតុការណ៍រីផ្លេត្រលប់មកវិញ ស្តេនឡៃយ៍
ងើបមុខមើលទៅព្រះច័ន្ទដែលចាំងពន្លឺមកព្រាលៗហើយសន្យានឹងខ្លួនឯងថានឹងមើលថែមនុស្សស្រីម្នាក់នេះអោយបាន
ទោះបីជាត្រូវប្តូរជាមួយជីវិតរបស់គេក៏ដោយ...
អាដាលៀ ក្រោកឡើងទាំងភាពធីងធោងព្រោះយប់មិញស្រីក្រមុំគេងមិនសូវជាលក់ប៉ុន្មានទេ ដោយសារតែអារម្មណ៍និងចិត្តចេះតែវិលវល់ទៅរកប្រុសប្លែកមុខ(តែសង្ហារ)ម្នាក់នោះមិនបាត់សូម្បីតែមួយនាទី
អោយតែគិតដល់រឿងហ្នឹងមុខនាងក៏ក្រហមងាំង ដៃក៏លើកមកខ្ទប់ទ្រូងដោយស្វ័យប្រវត្តិ នាងចាប់ផ្តើមចង់ប្តូរម៉ូតអាវដេកយប់ចេញរកអាស្ទាយបែបណាដែលជិតៗជាងនេះ។
តុកៗ
សម្លេងគោះទ្វារបន្លឺឡើងនៅពីមុខទ្វារ ដាស់សតិអ្នកដែលគិតទៅឆ្ងាយអោយភ្ញាក់ព្រើត ទើបក្រមុំតូចវ័យ២៣ឆ្នាំប្រញាប់ក្រោកឡើងពីលើគ្រែទៅយកអាវឃ្លុំមកពាក់ពីលើយ៉ាងស្អាតរៀបរយមុននឹងដើរទៅបើកទ្វារបន្ទប់។
«មានការអ្វីមែនទេ?
»
«លោកម្ចាស់អញ្ជើញអ្នកនាងទៅជួបនៅខាងក្រោមចាស៎» អ្នកបម្រើដែលមកគោះទ្វារក៏រៀបរាប់បញ្ជាដែលទទួលបានពីចៅហ្វាយធំនៃត្រកូល អេតស៍ធើរៀ
មកប្រាប់អ្នកនាងពៅ ប៉ុន្តែស្រីក្រមុំបែរជាជំទាស់មិនពេញចិត្តនឹងចង់ជួបលោកឪពុកជាទីស្រលាញ់ទៅវិញ
ព្រោះនាងដឹងច្បាស់ពីគោលបំណងរបស់គាត់។
«ប្រាប់លោកប៉ាផងថាខ្ញុំមិនចង់ជួបមុខគាត់ទេ»
អាដាលៀ ធ្វើមុខងរង៉ក់មុននឹងរុញទ្វារបិទដូចដើម។
«អ្នកនាងឈប់សិន!»
បាំងៗ
អ្នកបម្រើដដែលៗព្យាយាមទះទ្វារហៅ
អាដាលៀ ប៉ុន្តែស្រីក្រមុំធ្វើមិនដឹង ដើរបែបកញ្ឆក់កញ្ឆែងទៅគេងអោបខ្នើយអោបនៅលើពូកដូច ដើម។
«អ្នកនាងស្តាប់ខ្ញុំសិនណា!
បើអ្នកនាងមិនស្តាប់ទេ ប្រាកដជាស្តាយក្រោយជាមិនខានទេ!»
«ខ្ញុំមិនស្តាប់! មិនចង់ដឹង
មិនស្តាយក្រោយអ្វីទាំងអស់! ទៅវិញទៅ! » អាដាលៀ ធ្វើមុខក្រញូវមិនពេញចិត្ត
ហើយក៏មិនចង់ជួបមុខប្រុសដែលបានជួបកាលពីយប់មិញដែរ ព្រោះនាងនៅខ្មាសអៀននៅឡើយ តើអោយនាងប្រឈមមុខជាមួយគេយ៉ាងម៉េចទៅ?
បើនាងជាស្រីក្រមុំអោយគេឃើញរាងរៅច្បាស់ៗយ៉ាងនេះ បើរ៉ូបស្តើងដូចស្រាតទៅហើយ
សូម្បីតែស្នាមទម្រង់អាវទ្រនាប់ក៏អាចមើលឃើញដែរនោះ។
«បើអ្នកនាងមិនចុះទៅទេ មីនី(ឡាន)
និងត្រូវដកហូតទុកហើយ សូម្បីតែកាត ATM ក៏ត្រូវបិទចោលអស់ដែរ គិតយ៉ាងម៉េចវិញអ្នកនាង?»
«ហ្ហាស? ដល...ដល់ថ្នាក់ហ្នឹងឬ?» អាដាលៀ បើកភ្នែកធំៗភ្ញាក់ផ្អើលរត់វឹងទៅបើកទ្វារវិញ
ប្រញាប់អង្រួនខ្លួនអ្នកបម្រើអម្បាញ់មិញដើម្បីសួរបញ្ជាក់។
«ចាស៎! អ្នកនាងប្រញាប់ចុះទៅជួបលោកប្រុសធំទៅ
កុំអោយលោកចាំយូរអីចាស៎»
«ក៏បាន!!! យើងទៅឥឡូវហើយ»
អាដាលៀ ធ្លាក់ទឹកមុខស្អុយប៉ែគេចលែងរួច ព្រោះកាត ATM វាសំខាន់ខ្លាំងណាស់សំរាប់នាង ចំណែកឯ Mini ដែលជាឡាន
Mini Cooper Cabrio ជាកាដូដែលបងស្រីសំណព្វបានទិញអោយក្នុងថ្ងៃខួបកំណើត
ហើយវាក៏ជាវត្ថុបញ្ចាំចិត្តតែមួយគត់ដែលអាចអោយនាងនឹកដល់ អាដាណា ទោះបីជាបងស្រីរបស់នាងបានបាត់ខ្លួនទៅក៏ដោយ
ក៏ឡានសំណព្វមួយនេះបានដើរតួជំនួសមកលួងលោមនាងអោយមានអារម្មណ៍ហាក់បីដូចជាមានបងស្រីតែម្នាក់គត់នៅក្បែរខ្លួនយ៉ាងអញ្ចឹង។
អាដាលៀ ប្រញាប់ប្រញាល់ងូតទឹកតែងខ្លួនអោយបានលឿនបំផុត
មុននឹងដើរចុះតាមកាំជណ្តើរ ក្នុងរ៉ូបពណ៌ផ្កាឈូកទម្លាក់ដៃទាំងសងខាងយ៉ាងសាមញ្ញសំដៅទៅបន្ទប់ទទួលភ្ញៀវដើម្បីជួបតាមការហៅរបស់លោកឪពុក។
«លោកប៉ា...» អាដាលៀ បើកទ្វារថ្នមៗចូលមកស្ងាត់ៗក្រឡេកភ្នែកមើលទៅលោក ប័រវីន ដែលអង្គុយធ្វើមុខកាចនៅលើសាឡុង
ហើយក៏កាន់តែ ស្តេនឡៃយ៍ កំពុងតែអង្គុយនៅសាឡុងក្បែរគាត់ផងដែរ ទើប អាដាលៀ ហាមប្រាមមិនអោយក្រសែភ្នែកប្រទាក់ជាមួយ
ស្តេនឡៃយ៍ មិនបាន ទើបក្រមុំតូចបានត្រឹមតែងាកមុខគេចចេញពីក្រសែភ្នែកមុតមាំមួយគូរនោះ មុននឹងថ្ពាល់ទាំងគូរក៏ឡើងក្រហមព្រឿងៗដោយសារតែហេតុការណ៍កាលពីយប់មិញរំលេចឡើងនៅក្នុងខួរក្បាលម្តងទៀត។
«មកអង្គុយសិនមក» សម្លេងមួយម៉ាត់ៗដ៏មានអំណាចរបស់លោក ប័រវីន ធ្វើអោយ អាដាលៀ ដើរត្រង់ខ្លួនភ្លឹងទៅអង្គុយនៅលើសាឡុងទល់មុខលោក
ប័រវីន ទាំងអោនមុខជ្រប់មិនហ៊ានប្រឈមជាមួយអ្នកណាទាំងអស់។
........
Author : Thedora
Comments
Post a Comment