ផ្តើមរឿង អាណាចក្របិសាច ឡៃយ៍ហ្វើរៀ( Lightferia) គឺជាភពបិសាចអសុរកាយដែលបានកកើតឡើងតាំងតែពីមួយម៉ឺនឆ្នាំមុន និងជាភពមួយដែលគ្មានរូបរាង ស្ថិតក្នុងលំហអាកាសនាព្រៃជ្រៅមួយឈ្មោះ អាន់កាសស្តៀ (Angastia) ដែលមានរណ្តៅឆ្លងភពដ៏ធំមួយនៅក្រោយទឹកជ្រោះ អាន់កាសា នឹងជាទឹកជ្រោះមរណៈដែលមិនមានមនុស្សណាហ៊ានចូលទៅលេងនៅទីនោះឡើយ។ ឡៃយ៍ហ្វើរៀ គឺជាភពដែលប្រមូលម្តុំទៅដោយបិសាចកញ្ជ្រោង.សដែលមានឈ្មោះថា ឡៃយ៍នីងហ្វក៍ ( Lighting Fox) ឬក៏ ឡៃយ៍ស្តារៀ( Lightstaria) ។ បិសាចប្រភេទនេះគឺជាកញ្ជ្រោងដែលមានស្លាបនឹងមានស្នាមក្រហមជារូបរន្ទះឈ្នូតពីក្បាលដល់ចុងចិញ្ចើម វាមានស្លាបពណ៌សធំដែលអាចធ្វើដំណើរនៅលើដីនិងលើអាកាសបានយ៉ាងស្រួល។ ឡៃយ៍ស្តារៀ មានកែវភ្នែកពណ៌បៃតងភ្លឺផ្លេកដូចជាគ្រឹស្តាល់ស្អាតគួរអោយទាក់ទាញ ប៉ុន្តែបិសាចប្រភេទនេះមិនបានស្លូតដូចជារូបរាងដ៏សង្ហារបស់វាឡើយ ជាពិសេសក្រញាំក្រចកដ៏មុតស្រួច និងកែវភ្នែកដែលអាចបង្កើតជារន្ទះទៅវាយប្រហារដៃគូរប្រកួតប្រជែងបានយ៉ាងស្រួល។
Comments
Post a Comment