សម្រែកបេះដូង អសុរកាយ ភាគ២ (៦)
«អ៎ា!!! ជួយ...អ៊ុប»
អាដាលៀ បើកមាត់ស្រែកមិនទាន់បានប៉ុន្មានផង
បបូរមាត់ទន់ៗក៏ត្រូវផ្ទប់ជាប់ដោយបបូរមាត់ក្រាស់ភ្លាមៗដោយមិនបង្អង់យូរ ធ្វើអោយអ្នកដែលចង់ឈ្នះបើកភ្នែកធំៗបេះដូងលោតញាប់ទន់ខ្លួនល្អូក
ធ្វើអ្វីលែងត្រូវនៅពេលដែលបបូរមាត់ដ៏បរិសុទ្ធត្រូវ ស្តេនឡៃយ៍
ថើបថ្នមៗដោយមិនខ្លាចក្រែងភ្នែកអ្នកណាសូម្បីតែបន្តិច។ អាដាលៀ គាំងធ្មឹង
ភ្នែកសម្លឹងភ្នែកជាមួយ ស្តេនឡៃយ៍ មួយសន្ទុះខណៈដែលបបូរមាត់នៅផ្អឹបជាប់គ្នានៅឡើយ
នាងអាចទទួលដឹងដល់ភាពអ៊ុនៗនៃបបូរមាត់ស៊ិចស៊ីមួយនោះ
ដែលជាការប៉ះពាល់បែបជិតស្និទ្ធបំផុតតាំងតែពីធំដឹងក្តីមក
សូម្បីតែកន្លែងដែលគេប៉ះនាងក៏ឡើងកម្តៅក្តៅងំយ៉ាងចម្លែក
ដែលស្រីក្រមុំមិនធ្លាប់ជួបពីមុខមក។
ផឹប!!!
អាដាលៀ រុញ ស្តេនឡៃយ៍
ចេញបន្ទាប់ពីទាញសតិមកវិញបានហើយ នាងព្រិចភ្នែកញាប់លើកដៃមកប៉ះបបូរមាត់ថ្នមៗ
សឹងតែមិនចង់ជឿថាខ្លួនឯងត្រូវបាត់បង់ស្នាមថើបដំបូង
ទៅអោយអង្គរក្សមុខងាប់ដូចសិលាចរឹកដូចជា ស្តេនឡៃយ៍ សោះ។
«យ៉ាងម៉េចដែរ?» ស្តេនឡៃយ៍
ស៊កដៃក្នុងហោរប៉ៅញញឹមតិចៗ វាតិចបំផុតសឹងតែមើលមិនចង់ដឹងថាគេកំពុងតែញញឹម
ហើយវាក៏ជាស្នាមញញឹមឌឺដងចាក់ដោតបេះដូងរបស់ អាដាលៀ អោយប្រេះបែកជាចំរៀកៗ
ដែលបានប្រគល់ជ័យជំនះទៅអោយ ស្តេនឡៃយ៍
យ៉ាងងាយៗព្រមទាំងត្រូវបាត់បង់ស្នាមថើបដំបូងទៅអោយគេទៀតផង។
«មនុស្សអាក្រក់ជូរជាតិ»
ផាច់!!!
អាដាលៀ ទះ ស្តេនឡៃយ៍
ពេញមួយទំហឹងបង្កើតជាភាពភ្ញាក់ផ្អើលដល់ភ្ញៀវគ្រប់គ្នា ជាពិសេសបិសាចស្រីម្នាក់នោះដែលកំពុងតែមើលមកនាងដោយការចង់ដឹងចង់លឺ
ហើយអ្វីដែលយ៉ាប់ជាងនេះនោះគឺនៅទីនេះមិនមែនមានតែបិសាចស្រីម្នាក់នោះទេ
នៅមានបិសាចជាច្រើននាក់ទៀតកំពុងតែសម្លឹងមើលមកនាងដោយការចាប់អារម្មណ៍។
«ចង្រៃយក៍» ស្តេនឡៃយ៍
ស្បថជេរតិចៗសឹងតែចាប់ក្រមុំតូចនៅចំពោះមុខមកបឺតជញ្ជក់មាត់ដាចនោះអោយរៀងចាលម្តង
នៅស្ងៀមៗមិនចង់
ចង់តែដើរចូលរូងខ្លាទាំងដែលខ្លួនឯងជាកូនឆ្មាតូចពូកែតម្រើងឬកប៉ុណ្ណឹងសោះ។
«លោកព្រហើយណាស់...អាយ៎!»
អាដាលៀ ចង់ជេរគេអោយអស់ចិត្ត ប៉ុន្តែនាងបែរជាត្រូវ ស្តេនឡៃយ៍
ចាប់ដៃអូសចេញពីក្រៅពិធីទៅវិញ។
«នែ! លោកនាំខ្ញុំទៅណា! លែងភ្លាមណា»
អាដាលៀ ព្យាយាមសង្កត់លំនឹងខ្លួនមិនអោយបណ្តោយទៅតាមការអូសទាញរបស់គេ
ប៉ុន្តែនាងអាចឈ្នះគេដែលមានមាឌធំតាំងពីអង្កាល់? ស្បែកជើងកែវតម្លៃថ្លៃរបស់នាង
ត្រូវអូសនឹងឥដ្ឋដូចស្គីទៅហើយ ប៉ុន្តែ ស្តេនឡៃយ៍
នៅតែធ្វើពើដូចជាសំដីរបស់នាងជាខ្យល់អាកាសបក់ទៅ បក់ម៉ោប៉ះត្រចៀករបស់គេ ទៅវិញ។
«បើលោកនៅតែប្រើអំពីហឹង្សាដាក់ខ្ញុំទៀត
ខ្ញុំនឹងប្តឹងលោកប៉ាអោយបណ្តេញលោកចេញជាមិនខានទេ» អាដាលៀ
ធ្វើមុខក្រញូវរលាស់ដៃធំចេញ នៅពេលដែលគេអូសនាងចេញមកខាងក្រៅបានសម្រេចហើយ។
«ខ្ញុំនឹងនាំអ្នកនាងត្រលប់ទៅផ្ទះមុន»
ស្តេនឡៃយ៍ និយាយដាក់កាសដែលដាក់ជាប់នឹងត្រចៀកជាប់ជានិច្ចនោះតែម្នាក់ឯង
មិនខ្វល់ពីអ្នកដែលឡូឡានៅក្បែរឡើយ។
«
សុខៗក៏ចង់នាំខ្ញុំទៅផ្ទះនេះវាមានន័យថាម៉េច? ខ្ញុំជាអ្នកនាងរបស់លោក
មិនមែនចង់អូសទៅណាក៏បានតាមចិត្តលោកបាននោះទេ»
«ខ្ញុំមានសិទ្ធគ្រប់យ៉ាងលើនាង
កុំភ្លេចអោយសោះ!» ស្តេនឡៃយ៍ រំលឹកនាងម្តងហើយម្តងទៀតយ៉ាងចិត្តត្រជាក់បំផុត
មិនក្តៅក្រហាយដូចអ្នកខ្លះដែលចាញ់គេរាបកណ្ទេល។
«នេះលោក!!!» អាដាលៀ
ក្តាប់ដៃណែនបើកភ្នែកធំៗសឹងតែចង់ហក់ទៅបោចសក់របស់គេអោយជ្រុះជាដុំៗ
កុំតែនាងហក់មិនដល់ទេកុំអីស្មានតែគេរួចខ្លួនឬ?
«រងចាំនៅទីនេះសិនហើយ
ខ្ញុំទៅយកឡាន» ស្តេនឡៃយ៍ ប្រាប់នាងតែប៉ុណ្ណឹងហើយក៏ដើរចេញទៅ។
«ឈប់សិន!
លោកចង់ទុកខ្ញុំចោលម្នាក់ឯងឬ?» អាដាលៀ ចង់រត់ទៅតាមគេ
ប៉ុន្តែប្រុសដើរលឿនស្លេវមិនចាំអោយនាងទៅតាមទាន់ ហើយ
ណាមួយនាងក៏ពាក់ស្បែកជើងកែងផង។
Comments
Post a Comment