សម្រែកបេះដូងអសុរកាយ ភាគ២ (៥)
កម្មវិធីដ៏ធំអធិកអធមមួយនេះ
ត្រូវប្រារព្ធឡើងដោយអញ្ញើញភ្ញៀវ សុទ្ធតែអ្នកមានមុខមានមាត់នៅក្នុងសង្គម
ដូច្នេះហើយ អាដាលៀ មិនអាចគេចពីការចូលមករករបស់កូនប្រុសបណ្តាអ្នកមានដូចគ្នា
ព្យាយាមតាមចែចូវនោះទេ ជាហេតុធ្វើអោយស្រីក្រមុំចុះពីលើឡានទាំងមុខមិនស្រស់បស់តាំងពីធ្វើដំណើររហូតមកដល់គោលដៅ។
«ព្យាយាមធ្វើមុខអោយស្រស់បស់បន្តិចបានទេកូនស្រីសំណព្វ?»
លោក ប័រវីន មើលទៅ អាដាលៀ ដែលធ្វើមុខក្រញូវដូចធុញទ្រាន់ពេញទំហឹង
ហើយក៏ណែនាំនាងដោយសម្លេងស្រទន់ៗ។
«លោកប៉ាមិនចាំបាច់ខ្វល់ពីខ្ញុំទេ»
អាដាលៀ ងាកមុខគេចហើយក៏ដើរឆ្កុយៗចូលទៅក្នុងពិធីតែម្នាក់ឯងមិនរងចាំអ្នកណាទាំងអស់
សំខាន់នាងត្រូវរត់គេចពីការព្យាយាមណែនាំរបស់លោក ប័រវីន
ទៅបុរសម្នាក់ដែលនាងស្អប់តាំងតែពីជួបមុខដំបូង ហើយក៏មិនចង់ជួបម្តងទៀតដែរ។
«យ៉ាប់ដល់ហើយកូននេះ»លោក
ប័រវីន គ្រវីក្បាលហួសចិត្តនិងកូនស្រីដែលរឹងទទឹងអស់កែរបស់ខ្លួន ហើយក៏ងាកទៅរក
ស្តេនឡៃយ៍ ដើម្បីរកជំនួយ។
«ជួយតាមឃ្លាំមើលនាងអោយបានល្អផង
ស្តេនឡៃយ៍ »
«...» ស្តេនឡៃយ៍
មិននិយាយអ្វីបានត្រឹមតែងក់ក្បាលតិចៗប៉ុន្តែប្រកបដោយភាពមឺងម៉ាត ទើបលោក ប័រវីន
បានស្ងប់ចិត្តបន្តិចមុននឹងដើរចូលទៅតាមពីក្រោយនាងប្រកិតៗ។
លោក ប័រវីន
គិតថាបណ្តោយនាងសិនល្អជាង ដើម្បីកុំអោយស្រីក្រមុំង៉ក់ងរ វៗរត់ចេញពីពិធីទាំងមិនទាន់ចាប់ផ្តើមចៀសវាងអោយខូចការ
ចាំពេលណានាងភ្លេចខ្លួន ចាំនាំស្រីក្រមុំទៅអោយជួបជាមួយ លីហែល ដែលជាកូនប្រុសរបស់លោក
រីឆាត នោះឯង។
ស្តេនឡៃយ៍ និង អាដាលៀ
ដើរបែកផ្លូវម្នាក់ពីលោក ប័រវីន ព្រោះគេត្រូវតាមឃ្លាំមើល អាដាលៀ
ជាប់ជានិច្ចមិនអាចអោយបាត់ពីភ្នែកបានឡើយ ជាពិសេសគេធំក្លឹនបិសាចនៅក្បែរៗនេះផងដែរ
ទើបប្រុសកំលោះកាន់តែមានការប្រុងប្រយ័ត្នទ្វេរដង។
«លោកមកតាមខ្ញុំធ្វើអី?»
អាដាលៀ ដៀងភ្នែកមើល ស្តេនឡៃយ៍ ដែលដើរក្រោយនាងប្រកៀកៗ ហើយក៏ព្យាយាមដើរអោយលឿនជាងនេះ
ប៉ុន្តែប្រុសកំលោះតាមទាន់យ៉ាងងាយស្រួល ព្រោះជើងនាងខ្លី ជើងគេវែងជាងនាងឆ្ងាយបែបនេះ
អោយនាងធ្វើម៉េចប្រណាំងគេឈ្នះ? ទើបស្រីក្រមុំបានត្រឹមតែមួរម៉ៅតន្ត្រំជើង
ងាកមកសម្លក់ ស្តេនឡៃយ៍ ថ្មែ។
«លោកម៉េចមិនទៅតាមលោកប៉ា?»
អាដាលៀ រុញទ្រូង ស្តេន ឡៃយ៍ បែបរករឿង
ទាំងដែលដឹងក្នុងចិត្តហើយថា ស្តេនឡៃយ៍ គឺជាអង្គរក្សរបស់នាង ហើយតម្រូវអោយដើរការពារនាងគ្រប់វិនាទីជាកំហិត។
«ខ្ញុំមានតួនាទីដើរតាមនាង»
ស្តេនឡៃយ៍ ឆ្លើយខ្លីៗងាយៗចាប់ដៃតូចចេញដោយគ្មានការខ្លាចរអា
ឬគោរពនាងដែលមានឋានៈខ្ពស់ជាងនោះទេ។
«ហ្ហេ?
លោកជួយហៅខ្ញុំអោយមានសុជីវធម៌តាមបែបអ្នកបម្រើនិងចៅហ្វាយផង
ទីនេះជាទីសាធារណៈមិនមែនផ្ទះទេ» អាដាលៀ ទាញដៃចេញពីការចាប់របស់ ស្តេនឡៃយ៍
ហើយព្យាយាមក្តិចគេថែម។
«ខ្ញុំគិតថាដូចជាមិនចាំបាច់»
ស្តេនឡៃយ៍ ញញឹមតិចៗបង្កប់ដោយកលល្បិច ព្រោះគេទទួលពាក្យរបស់លោក ប័រវីន
ហើយថាគេមានសិទ្ធគ្រប់យ៉ាងទៅលើនាង អញ្ចឹងគឺជា អាដាលៀ
ទេដែលគ្មានសិទ្ធប្រកៀកបញ្ជារបស់គេនោះ។
«នេះលោកអីក៏ឈ្លើយយ៉ាងនេះ?»
អាដាលៀ ក្នាញ់សែនក្នាញ់ ប៉ុន្តែមិនដឹងថាអាចធ្វើអ្វីគេបាន
អញ្ចឹងគឺមានតែប្រែស្បែកជើងកែងមុតស្រួច ជាប់លើស្បែកជើងគេមួយទំហឹង
ធ្វើអោយកំលោះអង្គរក្សជ្រួញចិញ្ចើមបន្តិច ទោះបីជាមិនឈឺតែក៏ធ្វើពុតជាឈឺខ្លះដែរ
ដើម្បីអោយវាមើលទៅការសំដែងជាមនុស្សរបស់គេវារស់រវើកដូចពិតៗ។
«មនុស្សរុក្ខជាតិ
មនុស្សថ្ម! ស្តីជេរទាត់ធាក់ក៏មិនឈឺ
នេះលោកមិនដឹងនិយាយយ៉ាងម៉េចទើបស្តាប់គ្នាកើតទេ» អាដាលៀ
មួរម៉ៅគុណនឹងពីរនៅពេលដែលឈ្លោះជាមួយ ស្តេនឡៃយ៍ មិនឈ្នះ
ខំជាន់ជើងគេមួយទំហឹងឡើងឈឺកែងជើងខ្លួនឯងហើយ
ប្រុសម្នាក់នេះនៅតែធ្វើមុខស្មើដូចសិលាចរឹកដដែល
វាបានត្រឹមតែធ្វើអោយនាងក្តៅក្រហាយលើសដើម។
ស្តេនឡៃយ៍
ចង់តែសើចនឹងពាក្យសំដីជ្រៅជ្រៈរបស់នាង ប៉ុន្តែអ្នកនិយាយបែរជារឹងក្បាលដូចថ្ម
និយាយអ្វីក៏មិនស្តាប់ អាត្មានិយមហើយក៏ចចេសរឹងរូសទៀត។
កំលោះអង្គរក្សសែនសង្ហាដើរតាម
អាដាលៀ កាន់តែកៀកៗទៅ ព្រោះនាងព្យាយាមដើរគេចពីកន្លែងណាដែលមានប្រុសៗច្រើន
ហើយដើរទៅរកកន្លែងដែលមានស្រីៗច្រើន
ដែលជាកន្លែងដែលមានក្លឹនចំហាយបិសាចកាន់តែខ្លាំងឡើងៗ ទើប
ស្តេនឡៃយ៍ មិនអាចបណ្តោយអោយនាងដើររហេតរហូតបែបនេះបានទៀតទេ។
«ត្រលប់ទៅរកលោកប៉ារបស់នាងវិញទៅ»
ស្តេនឡៃយ៍ ចាប់ដៃតូចទាញនាងចូលមកក្បែរភ្លាមៗ នៅពេលដែលគេកំណត់មុខសញ្ញាបានហើយថា
មនុស្សម្នាក់ណាដែលជាបិសាចបន្លំចូលមកពិធីជប់លៀងនេះបាន។
កែវភ្នែកមុតស្រួចសម្លឹងទៅមនុស្សស្រីតែងខ្លួនស៊ិចស៊ីម្នាក់ កំពុងតែឈរគ្រឡែងកែវទៅមក
ព្រមទាំងសម្លឹងមើលទៅបុរសម្នាក់ទៀតដោយក្រសែភ្នែកទាក់ទាញ។
«នែ!
អ្នកណាអនុញ្ញាតអោយលោកប៉ះខ្ញុំ?» អាដាលៀ ច្រានដៃមាំចេញព្យាយាមថយគេច ប៉ុន្តែ
ស្តេនឡៃយ៍ ក្រសោបចង្កេះតូចទាញរាង
ស្តើងមកផ្អឹបនឹងរាងកាយ ហើយអូសនាងអោយដើរតាមគេទៅវិញ។
«នែៗ លោកព្រហើនណាស់
លែងខ្ញុំភ្លាម ប្រយ័ត្នខ្ញុំស្រែកណា» អាដាលៀ ដើរសឹងតែក្រឡាច់កជើងទៅហើយ ប៉ុន្តែ
ស្តេនឡៃយ៍ នៅតែអូសនាងទៅទាំងកម្រោល
ទោះបីជាត្រូវនាងក្តិចខ្ញាំទ្រូងមាំយ៉ាងណាក៏ ដោយ។
«សាកស្រែកមើលទៅ» ស្តេនឡៃយ៍
មិនព្រឺនឹងពាក្យគំរាមរបស់នាង ព្រមទាំងឆ្លើយឌឺដងថែមទៀត។
«លោ...លោក...គិតថាខ្ញុំមិនហ៊ានមែនទេ?»
អាដាលៀ ក្តាប់មាត់ណែនសម្លក់ ស្តេនឡៃយ៍ ជាប់នៅពេលដែលប្រុសកំលោះព្រមបញ្ឈប់ដំណើរ
ប៉ុន្តែមិនព្រមពន្លែងនាងអោយមានសេរីភាពឡើយ បែរជានៅសម្លឹងនាងយកឈ្នះយកចាញ់ទៅវិញ។
«សាកល៎មើល» ស្តេនឡៃយ៍
និយាយដោយប្រាកដប្រជា ធ្វើដូចមែនទែនមិនដូចពាក្យគំរាមលេងៗរបស់នាងសោះ
ធ្វើអោយអ្នកនាងតូចចិត្តទំនើងដូចនាងក្តៅចិត្តឆេវ មិនព្រមចាញ់ហើយក៏បើកមាត់ស្រែកចង់ផ្ចាញ់ផ្ចាលគេដូចដែលបានគំរាម
ប៉ុន្តែនាងភ្លេចពីបទពិសោធន៍លើកដំបូងដែលនាងបានប្រឆាំងតជាមួយគេ
ហើយលទ្ធផលក៏ត្រូវចាញ់គេទាំងអាម៉ាស...
Comments
Post a Comment