សម្រែកបេះដូង អសុរកាយ ភាគ២ (១)
ភាគ២
ចាប់តាំងពីថ្ងៃនោះកន្លងផុតមកបីថ្ងៃហើយ
អាដាលៀ ធ្វើបាតុកម្មមិនព្រមចេញពីបន្ទប់សូម្បីតែមួយនាទី
នាងសង្ងំនៅក្នុងបន្ទប់បួនជ្រុងមើលទូរទស្សន៍ឬក៏លេងលេបថបតែម្នាក់ឯង
ព្រោះមិនចង់ចេញទៅណាដោយសារតែមិនចង់ជួប ស្តេនឡៃយ៍
ដែលមានងារជាអង្គរក្សពេញសិទ្ធគ្រប់គ្រងលើជីវិតរបស់នាងនោះឯង នាងគ្មានផ្លូវធ្វើឲ្យផែនការរបស់លោកប៉ាទទួលបានជោគជ័យជាដាច់ខាត។
តុកៗ
សម្លេងគោះទ្វារបន្លឺឡើងតិចៗ
ធ្វើអោយអ្នកដែលកំពុងតែបើកសៀវភៅប្រលោមលោកមើល ដកក្រសែភ្នែកពីផ្ទាំងក្រដាស.សក្រឡេកទៅទ្វារដោយការងឿងឆ្ងល់។
«អ្នកណា?»
«ប៉ា!!!»
សម្លេងធ្ងន់ត្រជាក់មឺងម៉ាត់ដែលធ្លាប់ស្គាល់បន្លឺឡើងតិចៗ ទើប អាដាលៀ បានត្រឹមតែដកដង្ហើមធំ
បិទសៀវភៅប្រលោមលោកទុកនៅលើតុ មុននឹងទាញភួយចេញទម្លាក់ជើងចុះស៊កចូលស្បែកជើងនៅផ្ទះពណ៌ស
រួចក៏ដើរយ៉ាងខ្ចិលច្រអូសទៅបើកទ្វារ។
«លោកប៉ាមានការអី?» អាដាលៀ
អោបដៃនិយាយដោយមិនមើលមុខលោក ប័រវីន ព្រោះនៅងរង៉ក់រឿងថ្ងៃមុននៅឡើយ។
«កូនគិតចង់សង្ងំនៅក្នុងបន្ទប់នេះដល់ពេលណា?»លោក
ប័រវីន មិនឆ្លើយសំណួររបស់នាងហើយក៏សួរបកទៅវិញ។
«ខ្ញុំសួរលោកប៉ាថាមានការអី?» អាដាលៀ
ក៏ខ្លាំងមិនចាញ់លោក ប៉ុន្មាន ថែមទាំងបញ្ជាក់សំណួរដដែលដោយសំដីឌឺដងជាងមុន។
«ហ៊ើយ! កូននេះចំមែន»លោក
ប័រវីន គ្រវីក្បាលធុញទ្រាន់ព្រោះនាងក្បាលរឹងដូចដែកថែបនិយាយយ៉ាងណាក៏មិនស្តាប់។
«ល្ងាចនេះកូនត្រូវទៅពិធីជប់លៀងជាមួយប៉ា»
«ខ្ញុំមិនទៅ!!!» អាដាលៀ
បដិសេធម៉ាត់ៗដោយមិនខ្ចីគិតសូម្បីតែមួយវិនាទី។
«កូនមិនមានសិទ្ធជំទាស់!
ល្ងាចនេះប៉ានឹងអោយអ្នកបម្រើយកសំលៀកបំពាក់មកអោយកូន កូនត្រូវធ្វើខ្លួនអោយរួចរាល់នៅម៉ោង៥ដាច់ខាត»លោក
ប័រវីន សម្លឹងមុតទៅកូនស្រីបែបលក្ខណៈគំរាម។
«ចុះបើខ្ញុំមិនព្រម?»
«បើកូនមិនព្រមល្អតើ...ប៉ានឹងបានអោយ
ស្តេនឡៃយ៍ មកស្លៀកពាក់អោយកូនដោយផ្ទាល់ ល្អទេ?»លោក ប័រវីន
លើកចិញ្ចើមឡើងយ៉ាងមានប្រៀប ព្រមទាំងញញឹមបែបចំអកទៅកាន់ស្រីក្រមុំដែលចាប់ផ្តើមហុយផ្សែងតាមត្រចៀក។
«នេះប៉ា!!!
ប៉ាជ្រុលហួសហេតុពេកហើយណា» អាដាលៀ ងាកមកសម្លក់លោក ប័រវីន ថ្មែ
ព្រមទាំងក្តាប់ដៃណែន។
«ប៉ាមិនជ្រុលទេ តែមនុស្សក្បាលរឹងដូចកូន
ទាល់តែត្រូវធម៌ក្តៅបែបនេះទើបរៀង បានហើយ! ប៉ាទៅសិនហើយ ល្ងាចជួបគ្នា បាយ!» លោក
ប័រវីន បង្វែរខ្លួនឈានដើរទៅបាត់ ទុកអោយ អាដាលៀ
ឈរតន្ត្រំជើងក្តៅក្រហាយតែម្នាក់ឯង។
«អាយ៎! កុំឲ្យដល់វេនខ្ញុំវិញអោយសោះណា»
អាដាលៀ ខាំមាត់តប់ដៃលើទ្វារដើម្បីបញ្ចេញកំហឹង។
បឹប!!!
»អូយ!!!»នាងប្រញាប់ដកដៃមកវិញ
អង្អែលផ្ញយៗព្រោះរាងជ្រុលដៃបន្តិចដោយសារតែកំហឹងឡើងដល់កម្រិតខ្លាំងពេក។
«ខ្ញុំស្អប់លោកប៉ាជាទីបំផុត
ហ៊ឹ!» អាដាលៀ ស្រែកខ្លាំងៗដើម្បីឲ្យលោក ប័រវីន ដែលដើរចេញទៅបានលឺ ហើយក៏បិទទ្វារបន្ទាប់គ្រាំង
ចាក់សោរជាប់មិនអោយអ្នកណាចូលមកបានជាដាច់ខាត។
អាដាលៀ
ដើរទៅបើកទ្វារកញ្ចក់សំដៅទៅរបៀងឈរមើលទៅផ្ទះតូចដែលនៅទល់មុខថ្មែ ព្រោះមិនបាននឹកស្មានថានឹងឃើញ ស្តេនឡៃយ៍ ឈរស្វាគមន៍រួចជាស្រេចនោះទេ។
ស្តេនឡៃយ៍ អង្គុយនៅលើបង្កាន់ដៃកំពុងតែមើលមេអំបៅពណ៌ចំរុះដែលទំនៅលើចង្អុលដៃ
ហាក់ដូចជាកំពុងតែទំនាក់ទំនងគ្នាជាមួយមេអំបៅនោះ
ផ្ទៃមុខស្រស់សង្ហាដែលនឹងធឹងមិនប្រែប្រួល ងាកមើលមក អាដាលៀ ដែលឈរមើលមកគេដោយក្រសែភ្នែកគុំគួនដូចប្រុសកំលោះក្លាយទៅជាសត្រូវរបស់នាងតាំងតែពីជាតិណាមកអញ្ចឹង។
«នែលោក!!!»
«???» ស្តេនឡៃយ៍ បណ្តោយអោយមេអំបៅតូចហោះហើរទៅលើអាកាសបាត់ទៅ
មុននឹងងាកមកលើកចិញ្ចើមដាក់ អាដាលៀ ដោយទឹកមុខពោរពេញដោយសញ្ញាសួរ។
«ចាកចេញពីទីនេះទៅ!»
«ចង់មានន័យថាម៉េច?»
ស្តេនឡៃយ៍ និយាយជាមួយនាងជាលើកទីមួយ
ទឹកដមសម្លេងទាបធ្ងន់ក្រអួនក្រអៅធ្វើអោយភាគីម្ខាងទៀតរង្គោះរង្គើរបន្តិចដែរ ប៉ុន្តែស្រីក្រមុំនៅតែតាំងជំហរខ្ពស់ថាមិនខ្វល់ពីអង្គរក្សដែលមានមុខមាត់សង្ហាលើសអង្គរក្សមុខៗរាប់រយដងម្នាក់នេះទេ
អ្វីដែលនាងត្រូវការនៅពេលនេះ គឺត្រូវដេញ ស្តេនឡៃយ៍ ចេញពីភូមិគ្រឹះ អេតស៍ធើរៀ ឲ្យទាល់តែបាន
នាងមិនត្រូវការអោយនរណាម្នាក់មកគ្រប់គ្រងលើជីវិតរបស់នាងឡើយ។
«ត្រូវការប៉ុន្មាន?
ខ្ញុំអោយបានទាំងអស់ សុំត្រឹមតែលោកចាកចេញពីទីនេះ
ទៅអោយផុតៗបាត់ពីមុខពីមាត់របស់ខ្ញុំ» អាដាលៀ លើកដៃ អោបទ្រូង លើកសំណើរងាយៗទៅកាន់ ស្តេនឡៃយ៍
ប៉ុន្តែប្រុសកំលោះបែរជាគ្រវីក្បាលបដិសេធ
ព្រមទាំងងើបឈរឡើងស៊កដៃក្នុងហោរប៉ៅខោធ្វើព្រងើយ។
«មិនត្រូវការ»
«នេះលោក!!!» អាដាលៀ
ខឹងស្ទើរតែចង់ហក់ទៅក្រញ៉ៅមុខងាប់ៗដូចស្លឹកឈើក្រៀមរបស់គេ ខំបញ្ចេញសំណើរឲ្យបានរស់ស្រួលហើយ
នៅបដិសេធមុខងាប់ទៀត?
«ទោះបីជាស្តិតក្នុងលក្ខខណ្ឌណាក៏ដោយក៏មិនទទួលដែរ»
ស្តេនឡៃយ៍ ប្រកាសបិទផ្លូវម៉ាត់ៗដោយមិនមានការខ្លាចញញឺតជាមួយ អាដាលៀ សូម្បីតែបន្តិច
គេនៅឈររក្សាគោលជំហររបស់គេដូចដើម។
«នេះលោកចង់ធ្វើជាសត្វចិញ្ចឹមរបស់ខ្ញុំដល់ថ្នាក់ហ្នឹងឬ?»
អាដាលៀ ចាប់ផ្តើមសើចចំអកដាក់គេវិញម្តង នៅពេលដែលសំណើរត្រូវគេច្រានចោល។
«ចង់មានន័យថាម៉េច?»
«លុយស្រួលៗមិនចង់យក
តែចង់តាមខ្ញុំត្រឹកៗដូចជាឆ្កែនេះឬវាល្អសម្រាប់លោក? គិតច្បាស់ទេ?» អាដាលៀ
ច្រត់ដៃលើបង្កាន់ដៃព្រមទាំងលោរមុខទៅពន្យុះ ស្តេនឡៃយ៍ ដើម្បីអោយប្រុសកំលោះខឹង
ប៉ុន្តែលទ្ធផលផ្ទុយពីការរំពឹងទុក...
«ខ្ញុំជាកញ្ជ្រោង»
ស្តេនឡៃយ៍ រអ៊ូតិចៗប៉ុន្តែក៏អាចធ្វើអោយ អាដាលៀ ស្តាប់លឺបាន។
«ថាម៉េច កញ្ជ្រោង?» អាដាលៀ
ធ្វើមុខងឿងឆ្ងល់។
«អ៊ឹម!»
«នេះលោកឆ្កួតទេដឹង?
និយាយអ្វីចម្លែកៗ» អាដាលៀ ជ្រួញចិញ្ចើមមើលទៅ ស្តេនឡៃយ៍ បែបមិនសូវយល់ព្រមទាំងមើលលើមើលក្រោមដោយការមើលងាយបញ្ចេញតាមក្រសែភ្នែកស្អាតមួយគូរនោះយ៉ាងច្បាស់គ្រឡែត។
«...» ស្តេនឡៃយ៍
មិននិយាយអ្វីបានត្រឹមតែលើកស្មាឡើងបែបហី
ព្រោះអ្វីដែលគេនិយាយគឺសុទ្ធតែជាការពិតទាំងអស់។
«លោកពិចារណាទៅ
ទទួលយកលុយដោយស្រួលៗឬមួយក៏នៅតាមបម្រើការពារខ្ញុំគ្រប់ពេលគ្រប់វិនាទី
មួយណាវាស្រួលជាង» អាដាលៀ ក្នាញ់នឹង ស្តេនឡៃយ៍ ដែលក្បាលរឹងមិនចាញ់នាងប៉ុន្មានទេ
សូម្បីតែសំណើរទទួលបានលុយងាយៗក៏គេមិនព្រម បែរជាចង់នៅតាមបម្រើនាងយ៉ាងវេទនាទាំងកាយទាំងចិត្តទៅវិញ
នាងមិនយល់ពីប្រុសម្នាក់នេះសូម្បីតែបន្តិច។
«ខ្ញុំគ្មានអ្វីត្រូវពិចារណាទេ»
ស្តេនឡៃយ៍ នៅតែប្រកាន់គោលជំហររបស់គេដូចដើម
ទើបធ្វើអោយស្រីក្រមុំក្តៅឆេវហុយផ្សែងតាមត្រចៀក។
«ហ៊ឹស! មនុស្សល្ងង់!
ខ្ញុំឈប់និយាយជាមួយលោកហើយ» អាដាលៀ ខាំមាត់ណែនសម្លក់ ស្តេនឡៃយ៍ ជាលើកចុងក្រោយ
មុននឹងដើរតាំងៗចូលទៅក្នុងបន្ទប់វិញរុញទ្វារកញ្ចក់បិទគ្រាំងយ៉ាងមិនថ្នមដៃ។
«ប្រុសស្អីចម្លែកក៏ចម្លែក
ល្ងង់ក៏ល្ងង់ លុយបានស្រួលៗមិនចង់យកបែរជាចង់នៅវេទនាទៅវិញ» អាដាលៀ
រអ៊ូរទាំដាក់ខ្លួនឯង នឹកឃើញដល់មុខសង្ហារបែបមឹះៗរបស់គេហើយក៏ក្នាញ់។
Comments
Post a Comment