សម្រែកបេះដូងអសុរកាយ ភាគ២(២)
អាដាលៀ
សម្រេចចិត្តថាធ្វើបាតុកម្មអោយដល់ទីបញ្ចប់ ដោយបិទទ្វារចាក់សោរ
ព្រមទាំងអូសកៅអីតុមកបិទបាំងជាប់មិនព្រមចេញទៅណា
ទោះបីជាអ្នកបម្រើព្យាយាមគោះទ្វារស្រែកហៅយ៉ាងណាក៏ដោយ។
«អ្នកនាងៗ
សុំអង្វរបើកទ្វារទៅចាស បើមិនដូច្នោះទេខ្ញុំនឹងប្រាប់លោក ស្តេនឡៃយ៍
ជាមិនខានទេ»អ្នកបម្រើដែលគោះទ្វារជិតកន្លះម៉ោងនៅតែមិនព្រមទៅណា
ចំណែកឯអ្នកនៅក្នុងបន្ទប់ក៏ដាក់កាសស្តាប់បទចម្រៀងលឺៗ
ធ្វើជាមិនដឹងមិនលឺអ្វីទាំងអស់។
«អ្នកនាង
ខ្ញុំនឹងទៅប្រាប់លោក ស្តេនឡៃយ៍ ហើយចាស៎ ព្រោះនេះជាបញ្ជារបស់លោកប្រុសធំ
អោយខ្ញុំសុំទោសផង»អ្នកបម្រើដដែលនិយាយជាលើកចុងក្រោយ មុននឹងសម្លេងដែលស្រែកហៅក្តែងៗក៏លែងបន្លឺឡើងតទៅទៀត។
អាដាលៀ
ដកកាសចេញព្យាយាមផ្ទៀងត្រចៀកស្តាប់ថាតើអ្នកបម្រើម្នាក់នោះ
បានដើរចេញទៅបាត់ហើយឬនៅ ព្រោះសម្លេងដែលប្រកូកប្រកាសហៅអម្បាញ់មិញស្ងាត់បាត់ឈឹង ទើប
អាដាលៀ ដើរមកឈរនៅជិតមាត់ទ្វារ ព្យាយាមផ្ទៀងត្រចៀកស្តាប់អោយបានប្រាកដក្នុងចិត្ត
ថានាងបានទៅបាត់ដូចដែលគិតពិតមែនឬអត់។
«ហ៊ឹសៗ យ៉េស!» អាដាលៀ
លើកដៃឡើងញញឹមពព្រាយបែបជាអ្នកឈ្នះ
មុននឹងបង្វែរខ្លួនបម្រុងនឹងដើរទៅរកគ្រែដូចដើម ប៉ុន្តែ...
«ហ៊ើយ!!!»នាងភ្ញាក់ព្រើតនៅពេលដែលងាកខ្វាប់
ក៏ឃើញរាងខ្ពស់របស់ ស្តេនឡៃយ៍ កំពុងតែឈរនៅចំពោះមុខ។
«លោ...លោកចូលមកដោយរបៀបណា?»
អាដាលៀ ភ័យស្លន់ស្លោចាប់ផ្តើមលើកដៃខ្ទប់ទ្រូង ឈានជើងថយក្រោយប៉ុន្តែ ស្តេនឡៃយ៍
ក៏ឈានចូលមករកយ៉ាងសន្សឹមៗ ទាល់តែខ្នងតូចផ្អឹបទៅនឹងតុដែលអូសយកមកបិទទ្វារនោះ។
«បង្អួច» ស្តេនឡៃយ៍
ឆ្លើយខ្លីៗព្រមទាំងដាក់ដៃទាំងពីរច្រត់នឹងតុ ឃាំងនាងជាប់នៅក្នុងរង្វង់ដៃ។
«ឆាប់ចេញទៅវិញភ្លាមណា
លោក...លោកចង់ធ្វើស្អី?» អាដាលៀ លេបទឹកមាត់មួយក្អឿកធំ ក្រឡេកក្រសែភ្នែកមើលទៅដៃរបស់គេដែលដាក់នៅសងខាងខ្លួន
បន្ទាប់មកសម្លេងរបស់លោកប៉ារបស់នាងក៏បន្លឺឡើងនៅក្នុងខួរក្បាល...
«បើកូនមិនព្រមល្អតើ...ប៉ានឹងបានអោយ
ស្តេនឡៃយ៍ មកស្លៀកពាក់អោយកូនដោយផ្ទាល់ល្អទេ?»
«មិន...មិនអាចទេដឹង»
អាដាលៀ ឧទានតិចៗចាប់ផ្តើមភ័យ
ព្រោះដឹងថាប្រុសម្នាក់នេះប្រាកដជាហ៊ានធ្វើគ្រប់យ៉ាងទៅតាមបញ្ជា...
«ខ្ញុំយករ៉ូបមកអោយនាងផ្លាស់»
ស្តេនឡៃយ៍ ឃើញស្រីតូចញ័រខ្លួនភ័យដូចកូនឆ្មាក៏សម្រេចចិត្តថាដោះលែងនាងអោយមានសេរីភាពសិន
ប៉ុន្តែបើនាងមិនស្តាប់បង្គាប់ ចាំលេងធម៌ក្តៅនៅពេលក្រោយ។
«ខ្ញុំ...ខ្ញុំបានប្រាប់ហើយតើថាខ្ញុំមិនទៅទេ»
អាដាលៀ ព្យាយាមប្រកែកទាំងដែលសម្លេងដែលចេញមកញ័រព្រោះភ័យ ដែលតាំងពីដើមមក
នាងមិនដែលអោយបុរសណាចូលមកក្នុងបន្ទប់នាងតែពីរនាក់បែបនេះទេ គឺមានតែ ស្តេនឡៃយ៍
ម្នាក់ប៉ុណ្ណោះដែលព្រហើនហ៊ានចូលមកដោយគ្មានការអនុញ្ញាតពីនាង។
«ហ៊ឹម! និយាយបែបនេះ
បែបចង់អោយខ្ញុំផ្លាស់ខោអាវអោយដោយផ្ទាល់ហើយ» ស្តេនឡៃយ៍
លើករ៉ូបស្រមោល.សពណ៌ខ្មៅទម្លាក់ស្មាឡើងបង្ហាញនាង ព្រមទាំងលើកចិញ្ចើមឡើងបែបមុខងាប់យ៉ាងរករឿង។
«ឆ្កួត!!!
អ្នកណាចង់អោយលោកផ្លាស់ខោអាវអោយ? ឆាប់ចេញពីបន្ទប់របស់ខ្ញុំភ្លាម» អាដាលៀ
កាន់តែភ័យលើសដើមងាកឆ្វេងងាកស្តាំលើកថូផ្កាឡើងគំរាមប្រុសកំលោះបើសិនជាគេហ៊ានចូលមក
នាងនឹងគប់ក្បាលគេមួយថូផ្កានេះជាមិនខានទេ។
«នាងគិតថាថូផ្កាតូចមួយហ្នឹង
ខ្ញុំខ្លាច?» ស្តេនឡៃយ៍ ដើរចូលមករកនាងយ៉ាងមិនខ្លាចញញើត ទើប អាដាលៀ
កាន់តែភ័យឆ្លេឆ្លាគិតថាគួរតែគប់គេមែនទែន ឬគ្រាន់តែជ្រលរលេង។
«កុំចូលមកអោយសោះណា
បើលោកចូលមក ខ្ញុំនឹងគប់មែនទែនហើយ មិនលេងសើចទេ» អាដាលៀ
លើកឡើងលើអាកាសធ្វើជាចង់គប់ដាក់គេ ប៉ុន្តែចិត្តពិតនាងមិនហ៊ានទេ
ព្រោះនាងខ្លាចឈាម នាងមិនចង់ឃើញឈាមហូរស្រស់ៗនៅចំពោះមុខនោះទេ។
«គប់មកអញ្ចឹង» ស្តេនឡៃយ៍
កាន់តែពន្យុះនាងដោយការដើរចូលកាន់តែកៀកទៅៗ ទើប អាដាលៀ
កាន់តែឆ្លេឆ្លាមិនដឹងថាគួរតែធ្វើយ៉ាងម៉េចបន្ត
បើនាងមិនព្រមគប់វាហាក់ដូចជាអន់ពេកទើបដៃតូចលើកយារឡើងប្រុងនឹងគប់តាមសំណូមពររបស់
ស្តេនឡៃយ៍ ។
«លោកចង់បានបែបនេះដោយខ្លួនឯងទេណា
អ៊ឹប!» អាដាលៀ បិទភ្នែកគប់ថូផ្កានៅក្នុងដៃទៅមួយទំហឹងមិនសំចៃដៃ
បន្ទាប់មកក៏យកដៃបិទភ្នែកទាំងសងខាងជិតយ៉ាងញញើតញញើម។
ផូស!
សម្លេងបែកខ្ជាយបន្លឺខ្ទរខ្ទាពេញបន្ទប់ដែលស្ងាត់ជ្រងំ
ធ្វើអោយ អាដាលៀ កាន់តែភ័យបុកពោះ ព្រោះនាងគប់ដោយមិនដឹងទិសដៅ
មិនដឹងថាត្រូវប្រុសកំលោះ ឬមួយក៏ធ្លាក់នៅលើឥដ្ឋនោះទេ។
ប៉ុន្មានវិនាទីក្រោយមកនៅពេលដែលបរិយាកាសស្ងាត់ជ្រងំ
មិនមានលឺសម្លេងអ្វីបន្តិចសោះពីប្រុសកំលោះ សូម្បីតែសម្លេងស្រែក ទើប អាដាលៀ
សម្រេចចិត្តដកដៃដែលបិទបាំងភ្នែកចេញ ហើយបើកភ្នែកសន្សឹមៗមើលទៅ ស្តេនឡៃយ៍
ហើយក៏ឃើញប្រុសកំលោះហូរឈាមជោគថ្ងាសព្រមទាំងហូរចុះមកតាមច្រមុះគួរអោយខ្លាច។
«ឈា...ឈាម អា៎ៗ» អាដាលៀ
ចាប់ផ្តើមឆ្លេឆ្លាៗនៅមិនស្ងៀម។
«សមចិត្តនាងហើយមែនទេ?
ឥឡូវដល់ពេលខ្ញុំម្តង» ស្តេនឡៃយ៍ យកដៃម្ខាងជូតឈាមចេញ
ចំណែកឯដែម្ខាងទៀតកាន់រ៉ូបពណ៌ខ្មៅដែលតម្រូវយកមកអោយ អាដាលៀ ស្លៀកនោះ
ប៉ុន្តែម្ចាស់ខ្លួនបែរជាងរង៉ក់ដូចក្មេងមិនព្រមស្លៀក
ទើបប្រុសកំលោះត្រូវលំបាកអោយនាងគប់ក្បាលហូរឈាមលេងបែបនេះទៅ។
«កុំចូលមកជិតខ្ញុំអោយសោះណា
ហ៊ឺៗ ខ្ញុំខ្លាចឈាម» អាដាលៀ ចាប់ផ្តើមស្រវាំងៗភ្នែក ព្រោះនាងពិតជាខ្លាចឈាមពិតមែន
អោយតែឃើញឈាមពេលណាដឹងតែស្រវាំងភ្នែកចង់តែខ្យល់គ។
«មកផ្លាស់រ៉ូប ធ្វើសក់
បន្តិចទៀតលោកម្ចាស់នឹងមកទទួល» ស្តេនឡៃយ៍ មិនខ្វល់ពីពាក្យអង្វរកររបស់ អាដាលៀ
គេដើរទាំងមុខសុទ្ធតែឈាមកាត់តាមអំបែងថូមករកនាងដូចខ្មោចឆៅ ធ្វើអោយ អាដាលៀ
ស្រែកចេចចាចៗតែម្នាក់ឯង ព្រោះតែខ្លាចជាមួយសភាពរបស់ ស្តេនឡៃយ៍ ប៉ុន្តែម្ចាស់ខ្លួនធ្វើមិនដឹងមិនលឺ
ដឹងត្រឹមតែថាគេកំពុងតែធ្វើទៅតាមអ្វីដែលលោក ប័រវីន បានបញ្ជាតែប៉ុណ្ណោះ។
«ខ្ញុំមិនទៅទេៗ អា៎ៗ
ចេញទៅ»សម្លេងស្រែកចេចចាចរបស់នាងបន្លឺ
លឺចេញទៅខាងក្រៅ ប៉ុន្តែមិនមានអ្នកណាហ៊ានចូលមកជួយទេ
ព្រោះគេដឹងច្បាស់ណាស់ថា នៅខាងក្នុងកំពុងតែមានរឿងអ្វីកើតឡើង។
«បើនាងមិនព្រមផ្លាស់ដោយខ្លួនឯងទេ
ខ្ញុំនឹងផ្លាស់អោយ» ស្តេនឡៃយ៍ ទាញដៃតូចខ្វាប់អូសស្រីក្រមុំចូលមកជិត
ព្រមទាំងស្រាក់ចង្កេះនាងជាប់ ទាញផ្អឹបជាប់នឹងទ្រូង
ធ្វើអោយអ្នកដែលភ័យបេះដូងលោតញាប់ទន់ខ្លួនល្អូកដូចជេលលី។
«អា៎ៗ កុំប៉ះខ្ញុំ
ខ្ពើមណាស់» អាដាលៀ បើកភ្នែកធំៗប៉ុនពងមាន់ លើកដៃមើលទៅលើស្នាមបាតដៃពណ៌ក្រហម
ដែលផ្តឹតជាប់នៅលើ.កដៃហើយក៏មានអារម្មណ៍ថាចង់ខ្យល់គមែនទែនហើយ។
វឺត!!!
សម្លេងរ៉ូតខ្សែរ៉ូតបន្លឺឡើងតិចៗនៅក្នុងត្រចៀករបស់
អាដាលៀ ប៉ុន្តែស្រីក្រមុំមិនបានចាប់អារម្មណ៍
ព្រោះខួរក្បាលនៅពេលនេះកំពុងតែវិលខ្ញាល់ដូចជាផែនដីកំពុងតែក្រឡាប់ចាក់។
«សុំអភ័យទោសផង» ស្តេនឡៃយ៍
ទាញរ៉ូបរបស់នាងចេញពីលើខ្លួនប្រាណតូច
ដែលកំពុងតែសឺៗជិតសន្លប់យកមកជូតឈាមនៅលើក្បាលនិងដៃចេញហើយក៏បោះទៅម្ខាង
មុននឹងលើកបីដងខ្លួន.សខ្ចីរបស់ អាដាលៀ យកទៅដាក់នៅលើគ្រែដោយម្ចាស់ខ្លួនចាប់ផ្តើមដឹងសតិមកវិញ។
Comments
Post a Comment